ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង។
ថ្លែងប្រាប់ BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអ្នកពាក្យនាំរដ្ឋសភា បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន (អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់សុខាភ្នំពេញ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់របស់អាស៊ាន។
ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាបានដាក់ចេញគំនិតផ្តួចផ្តើមផ្តោតទៅកិច្ចការសំខាន់ៗរួមមាន ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ការលើកតម្កើងសភាវ័យក្មេង និងការបង្កើតបណ្ណាល័យឌីជីថលជាដើម។
ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ក្រៅពីមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់របស់អាស៊ាន នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការវិនិយោគលើសន្តិភាព និងការអភិវឌ្ឍបបរកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។
អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ យោបល់ ទស្សនរបស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។អត្ថបទ សេក ឧត្តម