ភ្នំពេញ៖ កម្ពុជាទទួលបានក្រុមហ៊ុននិងសហគ្រាសដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួច មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន គិតជាដើមទុនសរុប មានចំនួន ៥.៥១ ទ្រីលានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាល ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល បានបង្ហាញទូរលេខនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គិតត្រឹមថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនដែលបានចុះបញ្ជីប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជររដ្ឋាភិបាល ទទួលបានអនុម័តរួចជាផ្លូវការ មានចំនួនជិត ២០ ពាន់ក្រុមហ៊ុន ដោយមានដើមទុនក្នុងរង្វង់ប្រមាណ ជាង ៥.៥១ ទ្រីលានដុល្លារអាមេរិក និងនាមករណ៍បម្រុងទុកប្រមាណជាង ១២ ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។
សកម្មភាពអាជីវកម្មធំៗចំនួន ៥ ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួមមាន៖ ការវិនិយោគលើការសាងសង់អគារ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង កម្មន្តសាលសំលៀកបំពាក់ (លើកលែងសំលៀកបំពាក់ធ្វើពីរោមសត្វ) អន្តរការីរូបិយវត្ថុ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត។
សូមរំលឹកថា ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ រួមមានក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះបានពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញរួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕អត្ថបទ៖ សុន រ៉ាឌី