តាកែវ៖ នៅទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្រ ចំនួន ២៩គ្រួសារ រស់នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
នាឱកាសនោះដែរឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីការវិវឌ្ឍន៍ថ្មីៗ ជាពិសេសបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក៕អត្ថបទ៖ វិភាគ