បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិបអាល្លឺម៉ង់ Randal Kolo Muani ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងដើម្បីជំនួស Christopher Nkunku ដែលមានរបួស។ ខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig រូបនេះបានទទួលរងរបួសជើងអំឡុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃអង្គារ នៅពេលប៉ះទង្គិចជាមួយខ្សែបម្រើ Real Madrid, Camavinga។

Kolo Muani របស់ Frankfurt បានស៊ុតបញ្ចូលទី ៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួតរដូវកាលនេះ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះក៏ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងដែរ ដោយបានបង្ហាញខ្លួនពីរលើកជាកីឡាករបម្រុងផ្លាស់ប្តូរចូលអំឡុងការប្រកួតទល់នឹងអូទ្រីស និងដាណឺម៉ាកនៅក្របខណ្ឌ UEFA Nations League កាលពីខែកញ្ញា។ Christophe Nkunku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga រដូវកាលនេះសរុប ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតជាមួយក្លិប RB Leipzig។ Nkunku បានក្លាយជាកីឡាករដែលមានឈ្មោះបោះសំឡេងមួយរូបទៀត របស់ក្រុមជម្រើសជាតិបារាំងដែលខកខាន World Cup បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimbempe៕
អត្ថបទ៖នាង សុភាវុធ