បាល់ទាត់៖ ខ្សែការពារបារាំង Raphael Varane បាននិយាយថា ស្ថានភាពទូទៅរបស់ក្រុមបិសាចក្រហម Manchester United ជុំវិញបញ្ហាជាមួយ Cristiano Ronaldo ពិតជាមានផលប៉ះពាល់ខ្លាំងដល់អារម្មណ៍កីឡាករផ្សេងទៀតនៅក្នុងក្រុមទាំងមូល។
នៅក្នុងកិច្ចសម្ភាសន៍ Ronaldo បាននិយាយថា ខ្លួនមានអារម្មណ៍ថាត្រូវក្លិបក្បត់ ហើយនឹងលែងគោរពដល់អ្នកចាត់ការ Erik ten Hag។ Manchester United ក្រោយមកក៏បានបញ្ជាក់ថា នឹងពិចារណាជុំវិញកិច្ចសម្ភាសន៍របស់ Ronaldo ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយសក្លិប។ ជុំវិញរឿងនេះមិត្តរួមក្រុមរបស់ Ronaldo ទាំងនៅ Real Madrid និង Manchester United, Raphael Varane បាននិយាយថា ពិតណាស់ថា រឿងនេះពាក់ព័ន្ធខ្លាំងដល់ពួកយើងជាមិត្តរួមក្រុម នេះមិនមែនជាការដោះស្រាយបញ្ហាដ៏ល្អឡើយ វាគួរតែជាការដោះស្រាយនៅក្រោយឆាក ប្រសើរជាងការដោះស្រាយនៅលើបណ្តាញសង្គមបែបនេះ។ Varane បានបន្តថា អ្វីដែលកីឡាករ មិត្តរួមក្រុមចង់បាននៅពេលនេះគឺដើម្បីក្រុម ដើម្បីក្លិប ដូច្នេះរាល់ការសំរេចចិត្តបែបនេះរបស់ក្លិប ក្នុងនាមជាកីឡាករត្រូវតែគោរព និងទទួលយក៕
អត្ថបទ៖នាង សុភាវុធ