ភ្នំពេញ ៖ ដើម្បីចូលរួមអបអរទិវាទស្សនវិជ្ជាពិភពលោក ១៧ វិច្ឆិកា ២០២២ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភ្នំពេញ ក៏បានរៀបចំទិវាដ៏ធំមួយក្រោមប្រធានបទ៖ «ការគិតគូរឡើងវិញអំពីការអប់រំ និងការអនុវត្តទស្សនវិជ្ជាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គម
និងភាពជាមនុស្ស» ដោយមានការចូលរួមពីសាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ប្រមាណជាង៣០០នាក់។
ទិវាទស្សនវិជ្ជា ត្រូវបានគេប្រារព្ធធ្វើលើកដំបូងនៅថ្ងៃទី ២១ ខែ វិចិ្ឆកា ឆ្នាំ ២០០២ ហើយត្រូវបានអង្គការយូណេស្កូ (UNE-SCO) បានផ្តួចផ្តើមបង្កើតឱ្យទិវានេះក្លាយជាទិវាទស្សនវិជ្ជាពិភពលោកជាផ្លូវការនៅឆ្នាំ ២០០៥ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍ទី ៣ ក្នុងខែវិច្ឆិកា។ ទិវានេះត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងថ្នាក់តំបន់ និងអន្តរជាតិក្នុងការគូសបញ្ជាក់ពីគុណតម្លៃនៃទស្សនវិជ្ជា និងតួនាទីស្នូលរបស់ទស្សនវិជ្ជានៅក្នុងសង្គមមនុស្សភាពចាំបាច់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាពសីលធម៌ យុត្តិធម៌ សមភាព ការគោរពសិទ្ធិមនុស្ស ការគិតត្រិះរិះពិចារណា និងដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
កម្ពុជាបានប្រារព្ធទិវាទស្សនវិជ្ជាពិភពលោក ក្នុងរូបភាពជាការជួបជុំលើកដំបូង នៅឆ្នាំ២០១៧ , លើកទី២នៅឆ្នាំ ២០១៨ , និងលើកទី៣ នៅឆ្នាំ ២០១៩, ដោយឡែក នៅឆ្នាំ ២០២០ និង ២០២១ កម្ពុជាតាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនបានប្រារព្ធពិធីជួបជុំអបអរសាទរនោះទេ ហើយសម្រាប់ឆ្នាំ ២០២២ នេះ គឺជាឆ្នាំទី៤ហើយ ដែលជាការរៀបចំឡើងវិញ។
ថ្លែងក្នុងពិធីបើកកម្មវិធីទិវាទស្សនវិជ្ជាពិភពលោក ១៧ វិច្ឆិកា ២០២២ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា ទស្សនវិជ្ជាគឺជាផ្នែកមួយដ៏សំខាន់របស់សង្គម ហើយទស្សនៈវិជ្ជានេះឯកដែលជាអ្នកកំណត់ផ្លូវជីវិតរបស់មនុស្ស។ ឯកឧត្តមបានលើកពីទ្រឹស្តីពុទ្ធសាសនា ថាជា ទ្រឹស្ដី ឬទស្សនៈ ដ៏ល្អមួយនៅលើពិភពលោក ដែលនាំមនុស្សឱ្យប្រព្រឹត្តអំពើល្អ និងមានចិត្តស្ងប់ ដើម្បីឈានទៅរកសុភមង្គលនៅក្នុងជីវិត។
លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងដែលថា ខ្មែរយើង គឺជាជាតិសាសន៍មួយដែលមានទស្សនវិជ្ជាផ្ទាល់ខ្លួនតាំងពីដើមរៀងមក ប៉ុន្តែសង្គមបច្ចុប្បន្នហាក់ភ្លេចខ្លួនពីរឿងមួយនេះ ដូច្នេះហើយបានជា មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រមែប្រម៉ុបញ្ញាវន្តខ្មែរ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ត្រូវតែ គិតគូរឡើងវិញអំពីការអប់រំ និងការអនុវត្តទស្សនវិជ្ជាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងភាពជាមនុស្ស។
ក្នុងឱកាសនៃការប្រារព្ធទិវាទស្សនវិជ្ជាពិភពលោកនេះដែរ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានសម្ពោធជាផ្លូវការនៃមូលនិធិទស្សនវិជ្ជាខ្មែរ ព្រមទាំងប្រកាសប្រកួតប្រជែងអត្ថបទសំណេរអំពីទស្សនវិជ្ជាជុំវិញប្រធានបទ បុគ្គល និងសង្គម តាមរយៈ ទស្សនវិស័យព្រះពុទ្ធសាសនា ដើម្បីជាលើកចូលរួមលើកកម្ពស់ទស្សនវិជ្ជានៅក្នុងសង្គមកម្ពុជា៕ អត្ថបទ៖ ចេន សុជាតា








