ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចនឹងដូរថ្ងៃចាក់វ៉ាក់សាំងដូសទី២ ខណៈគម្រោងចាក់តាមការណែនាំរបស់ក្រសួងសុខាភិបាលនៃដូសទី២ នេះនឹងត្រូវប្រព្រឹត្តិទៅថ្ងៃទី២៩ ខែមេសា ប៉ុន្តែដោយភារកិច្ចខានមិនបានក្នុងការចូលរួមកិច្ចប្រជុំអាស៊ាននាថ្ងៃទី២៤ ខែមេសានេះនៅប្រទេសឥណ្ឌូនេស៊ីនោះ សម្ដេចសម្រេចចិត្តដូរមកចាក់នូវថ្ងៃទី២០ ខែមេសាវិញ។
តាមរយៈហ្វេសបុកផ្ទាល់របស់សម្តេចនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ហើយពេលរសៀលការប្រជុំចាប់ផ្ដើម ពេលចប់មិនថាថ្ងៃ ឬយប់សម្តេចត្រូវត្រឡប់មកវិញ ហើយពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះសម្ដេចត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក ២ ទៅ ៣ដងទៀតនោះ។
សម្តេចបានបន្ថែមទៀតថា «ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឲ្យភរិយាខ្ញុំនាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃដូចគ្នា។ មានអ្នកឲ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក ៧ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថា ខ្ញុំចង់ធ្វើឲ្យប្រាកដថា ខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើង និងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា»៕
អត្ថបទ៖ បាន ចក់