វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានបន្តដំណើរស្វែងរកពាន ATP Finals លើកទី៦ ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីយកឈ្នះកីឡាកររុស្ស៊ី Ruben Rublev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នេះជាជ័យជំនះទី២ សម្រាប់ Novak Djokovic នៅក្នុងពូលពណ៌ក្រហមនេះតាមរយៈលទ្ធផលឈ្នះ ៦-៤ និង ៦-១ នៅថ្ងៃពុធម្សិលមិញលើ Ruben Rublev នៅទីក្រុង Turin ប្រទេសអ៊ីតាលីបន្ទាប់ពីយកឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅប្រកួតដំបូងក្នុងពូល។ Novak Djokovic ដែលលើកពាន ATP Finals ចុងក្រោយរបស់ខ្លួនតាំងពីឆ្នាំ២០១៥ នោះមិនទាន់អស់ការប្រកួតឡើយ ដោយនឹងត្រូវជួបជាមួយកីឡាកររុស្ស៊ីមួយរូបទៀត Daniil Medvedev ប្រកួតបិទបញ្ចប់ពូល។
ងាកមកការប្រកួតដ៏តានតឹងមួយគូទៀតក្នុងពូលពណ៌ក្រហមនេះដែរ កីឡាករក្រិក Stefanos Tsitsipas បានយកឈ្នះអតីតកីឡាករលេខ ១ ពិភពលោក Daniil Medvedev យ៉ាងតានតឹងដោយលទ្ធផល ២ សិតទល់នឹង ១ ពិន្ទុ ៦-៣ ៦-៧(៩-១១) និង ៧-៦(៦-១)។ ជ័យជំនះនេះធ្វើឱ្យ Tsitsipas នៅសល់ឱ្យកាសចុងក្រោយដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើយកឈ្នះប្រកួតចុងក្រោយលើ Ruben Rublev បាន ខណៈដែល Rublev ក៏ត្រូវការជ័យជំនះដូចគ្នាដើម្បីឡើងវគ្គបន្ត។ សម្រាប់ថ្ងៃនេះជាការប្រកួតបិទបញ្ចប់ពូលពណ៌បៃតងដោយ Rafael Nadal ដែលធ្លាក់ទៅហើយនោះត្រូវជួបជាមួយកីឡាករន័រវេស Casper Ruud ដែលកក់កៅអីរួចហើយ ស្របពេលដែល Felix Auger-Aliasimme នឹងជួបជាមួយ Taylor Fritz ដើម្បីកៅអីវគ្គបន្ត៕
អត្ថបទ៖នាង សុភាវុធ