ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយយ លោកស្រី Boucher Sandrine នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD)នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ឯកឧត្តម ថោង ខុន ថ្លែងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបុកគ្រឹះសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍មួយដំបូងគេមួយនៅរាជធានីភ្នំពេញ ។
ក្នុងជំនួបឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណដល់ AFDបារាំង ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) និងហិរញ្ញប្បទានឥណទានដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ការវិនិយោគលើការបង្កើតសាលាជាតិវិជ្ជាជីវៈទាំងពីរទីតាំងនេះ ចំណាយថវិកាសរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះ កម្ចីហិរញ្ញប្បទានពី AFD មានចំនួន១១ លានអឺរ៉ូ ដែលស្មើនឹង១២ លានដុល្លាអាមេរិច។
តាមការបញ្ជាក់ថា បញ្ជាក់បន្ថែមពីឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ៖ តាមរយៈការបើកសាលាវិជ្ជាជីវៈទេសចរណ៍កម្រិតជាតិ នឹងជម្រុញផ្តល់ការបណ្តុះបណ្តាលជំនាញនានាក្នុងវិស័យទេសចរណ៍ប្រមាណជាង៧០ជំនាញ ហើយសិស្សក្រីក្រ និងសិស្សដែលសិក្សាចាប់ចប់បានត្រឹមថ្នាក់ទី៩ ក៏អាចចូលរៀនជំនាញនានានៅក្នុងសាលានេះបានផងដែរ។
ឯកឧត្តម ទ្រី ឈីវ បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជា មិនទាន់មានសាលាវិជ្ជាជីវៈទេសចរណ៍ របស់ជាតិនោះទេ ប៉ុន្តែសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នានាកន្លងមក គឺយើងមានសាលាសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នេះចំនួនជាង២០កន្លែង ដែលស្ថិតក្រោមជំនួយឧបត្ថម្ភពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនានា ហើយក្រៅពីនេះក៏មានមហាវិទ្យាល័យរដ្ឋ និងឯកជន មួយចំនួនក៏មានការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះរហូតដល់កម្រិតបរិញ្ញាបត្រផងដែរ៕ អត្ថបទ ៖ ស៊ុម សុខជា




