
ភ្នំពេញ៖ មូលនិធិ Rockefeller បានប្រកាសជួយគាំទ្រដើម្បីពង្រឹងវិស័យសុខាភិបាលប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំ ពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានទទួលជួបពិភាក្សាការងារជាមួយដៃគូសហការអន្តរជាតិជាច្រើនរូប ដែលដឹកនាំគណៈប្រតិភូដោយលោក ហ្គ្រិក គូហ្សម៉ាក (Greg Kuzmak) នាយកផ្នែកសុខភាព នៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក។
ការជួបពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការក្រសួងសុខាភិបាល ក្នុងបំណងគណៈប្រតិភូចង់សិក្សាឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
លោក ហ្គ្រិក គូហ្សម៉ាក (Greg Kuzmak) នាយកផ្នែកសុខភាព នៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក បានកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រើប្រាស់វិធានការផ្សេងៗ អាចគ្រប់ គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន និងយកបទពិសោធន៍ ដែលក្រសួងសុខាភិបាលចែករំលែកនៅពេលនេះ ផ្សព្វផ្សាយទៅបណ្តាប្រទេសផ្សេងៗទៀត។
ក្រៅពីនេះ លោកប្រកាសគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាផងដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានគ្រប់គ្រងយ៉ាងល្អប្រសើរនូវការរាតត្បាតកូវីដ-១៩ នៅកម្ពុជាជាពិសេសការធ្វើយុទ្ធនាការចាក់ស្រោចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ រហូតធ្វើឲ្យអាចបើកដំណើរការប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។
លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកសាងវិស័យសុខាភិបាល តាំងពីបាតដៃទទេ រហូតប្រព័ន្ធសុខាភិបាល អាចឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ បានជាច្រើន និងបច្ចុប្បន្ន ក្រសួងសុខាភិបាល បន្តអនុវត្តយុទ្ធសាស្ត្រផ្សេងៗ ដើម្បីពង្រឹងគុណភាពវិស័យសុខាភិបាលឲ្យកាន់ល្អបន្ថែមទៀត៕ អត្ថបទ៖ ទូច សោភ័ណ


