កីឡាជាតិ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលនឹងដំណើរការប្រកួតនាចុងសប្ដាហ៍នេះ ជាមួយការជួបជុំ និងប្រជុំបច្ចេកទេសផ្សេងៗនៅថ្ងៃទី១៩-វិច្ឆិកា និងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០-វិច្ឆិកា មុនពិធីបើកផ្លូវការនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំដែលនឹងត្រូវរៀបចំក្នុងក្របខណ្ឌទូទៅប្រទេស បន្ទាប់ពីខកខានរៀបចំកាលពីឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ អ្វីដែលពិសេស ការត្រឡប់មកវិញនៃកីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នេះនឹងត្រូវរៀបចំតាមទម្រង់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីជាការតេស្ដសាកល្បងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ខាងមុខ។ ជាការពិតសម្រាប់កីឡាជាតិត្រូវបានរៀបចំការប្រកួតលើ ៣៨ប្រភេទកីឡា ដូចទៅនឹងប្រភេទកីឡាដែលបានអនុម័តដាក់ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាដែរ។ មិនតែប៉ុណ្ណោះ ការប្រកួតនៃប្រភេទកីឡានីមួយៗនឹងត្រូវរៀបចំទៅតាមទីតាំងនៃរាជធានី-ខេត្ត ដែលត្រូវរៀបចំការប្រកួតស៊ីហ្គេមទៀតផង ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ រីឯកីឡាប៉ារ៉ាហ្គេមវិញនឹងត្រូវរៀបចំលើ ៧ប្រភេទកីឡាដោយរៀបចំតាមទម្រង់នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដូចគ្នា។
មន្ដ្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា គោលបំណងសំខាន់នៃកីឡាជាតិ ក៏ដូចជាកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២២ នេះគឺដើម្បីសាកល្បងឲ្យសហព័ន្ធកីឡាជាតិនីមួយៗមានម្ចាស់ការក្នុងការរៀប ពិសេសគណៈកម្មការរៀបចំការប្រកួតឲ្យមានភាពបន្សាំ និងស្វែងយល់ពីចំនុចខ្វះខាត ដើម្បីកែលម្អត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំក្រោយ។ មួយវិញទៀត ដោយសារអត្តពលិកជម្រើសជាតិមួយចំនួនធំបានចេញ និងត្រៀមចេញទៅហ្វឹកហាត់នៅក្រៅប្រទេសបន្ថែមនាពេលខាងមុខ ដូច្នេះក៏ជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីជាយុវជន និងថ្នាល តំណាងសហព័ន្ធកីឡាជាតិនីមួយៗបានដុសខាត់សមត្ថភាព និងបង្កើនសិទ្ធផល ជាពិសេសបន្សាំខ្លួនឲ្យបានល្អផងដែរ។
ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថា កីឡាជាតិ និងកីឡាប៉ារ៉ាហ្គេមនេះមិនមែនធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពរបស់អត្តពលិកតែប៉ុណ្ណោះទេ ប៉ុន្តែធ្វើក្នុងគោលបំណងធំ៤ ទី១-ផ្តល់ឱកាសឲ្យមន្ត្រីដែលធ្លាប់បណ្តុះបណ្តាលហើយទាំង ៣៨ប្រភេទកីឡាបានអនុវត្តសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមរៀបចំ និងកាត់សេចក្តីតាមប្រភេទកីឡានីមួយៗ។ ទី២- ពាក់ព័ន្ធនឹងទីតាំងប្រកួត ដោយយកទីតាំងទាំង៥ ត្រៀមប្រកួតកីឡាស៊ីហ្គេម ប្រកួតកីឡាជាតិ និងត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំពីចំនុចខ្វះខាត ដើម្បីកែលម្អឲ្យទាន់ពេលវេលាដោយសារនៅសល់ពេលច្រើន។ ទី៣- ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីក្នុងប្រទេសបានវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ដោយសារពួកគេមិនបានចេញទៅហ្វឹកហាត់ក្រៅប្រទេស ដូច្នេះពួកគេយកការប្រកួតក្នុងកីឡាជាតិលើកទី៣ ជាការដុសខាតសមត្ថភាព និងបង្កើនបទពិសោធន៍សម្រាប់ស៊ីហ្គេម និងទី៤- សហព័ន្ធកីឡាជាតិនីមួយៗគឺរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនតាំងពី A ដល់ Z។
ចំណុចនេះមានន័យថា តាំងពីការរៀបចំ ការកាត់សេចក្តី ដាក់មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល មើលទីតាំង និងសម្ភារទាំងអស់ដើម្បីទទួលបានបទពិសោធន៍ និងជឿជាក់ក្នុងការឈានទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ គួរបញ្ជាក់ថា កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ គ្រោងនឹងដំណើរការប្រកួតពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។ សម្រាប់ពិធីបើក-បិទនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតតេជោ ដែលតាមគម្រោងនឹងមានអ្នកចូលរួមអបអរសាទរប្រមាណជាង ៤ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា