ប្រដាល់សកល៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សកលអាជីព និងការប្រកួតប្រដាល់សកលអាជីព Ultimate Pro Boxing 2022 ដែលរៀបចំដោយអង្គភាពចំណុះរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បានទទួលការសរសើរពីជំនាញការជប៉ុនលោក YASUKOCHI Tsuyoshi បន្ទាប់ពីលោកបានបង្រៀន និងពិនិត្យនូវការអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃកន្លងមក។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឆ្លងកាត់ការរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សកលអាជីពកាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែវិច្ឆិកា ក៏ដូចជាការរៀបចំការប្រកួតប្រដាល់សកលអាជីពនៅថ្ងៃចុងក្រោយឃើញថា សិក្ខាកាមទាំងអស់បានអនុវត្តយ៉ាងល្អពាក់ព័ន្ធនឹងការវិនិច្ឆ័យ ក៏ដូចជាការកាត់សេចក្ដីលើសង្វៀនជាដើម។ តាមរយៈនេះលោក YASUKOCHI Tsuyoshi បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តនូវតួនាទីភារកិច្ចរបស់អាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាដែលលោកអាចទទួលយកបាន ហើយក៏ជាការបំពេញនូវលក្ខខណ្ឌមួយ នៃស្ថាប័នកីឡាប្រដាល់សកលអាជីពអន្ដរជាតិ(WBC)។ ចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករវិញ ក៏បានបង្ហាញនូវលក្ខណៈបច្ចេកទេសខ្ពស់គួរឲ្យកត់សម្គាល់ ដើម្បីចូលរួមការប្រកួតលក្ខណៈអន្ដរជាតិផងដែរ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា យ៉ាងណាក្ដីដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យរីកចម្រើនទាំងព្រម សហព័ន្ធនឹងបន្ដអនុវត្តការសំខាន់ៗជាបន្ដបន្ទាប់ទៀត ទី១-ការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម និងទី២-ការរៀបចំការប្រកួតប្រចាំសប្ដាហ៍របស់សហព័ន្ធ ក៏ដូចជាការបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់ និងចូលរួមប្រកួតនៅក្រៅប្រទេសជាដើម ដើម្បីធានាបាននូវគុណផលកីឡាកម្រិតខ្ពស់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសសម្រាប់កីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង៕
អត្ថបទ៖ លី ឈុនឡា