កីឡាជាតិ៖ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមជាតិលើកទី១ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីតភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ស្រដៀងនឹងការរៀបចំ ២លើកមុនដែរ ពិធីបើក-បិទព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏ធំនេះនឹងមានកម្មវិធីជាច្រើន ដើម្បីអបអរសាទរ តែឆ្នាំនេះ គ្រោងនឹងមានរៀបចំនូវកម្មវិធីកាន់តែអស្ចារ្យថែមទៀត ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្នុងនោះក៏មានពិធីរត់ភ្លើងគប់ផងដែរ ដែលនឹងត្រូវរត់ពីវិមានឈ្នះឈ្នះចូលទៅវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។ យោងតាមគណៈកម្មការរៀបចំពិធីបើក-បិទបានរៀបចំនូវព្រឹទ្ធាចារ្យ អតីតកីឡាករ-កីឡាការិនី និងម្ចាស់មេដាយមាសកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជាច្រើនដើម្បីរត់ភ្លើងគប់ ក៏ដូចជាកាន់ទង់ និងដង្ហែទង់កីឡាជាតិឆ្ពោះទៅពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមជាតិលើកទី១ នាដើមសប្ដាហ៍ក្រោយ។

សម្រាប់ព្រឹទ្ធាចារ្យ និងកីឡាករ-កីឡាការិនីដែលត្រូវរត់ភ្លើងគប់រួមមាន៖
១. វីរកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាម៉ូតូទឹកនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៨។ អ៊ូមើតគឺជាកីឡាករឆ្នើមមួយរូបដែលធ្លាប់ដណ្ដើមបានមេដាយ និងពានរង្វាន់ជាច្រើនទៀត ទាំងការប្រកួតថ្នាក់តំបន់ អាស៊ី និងពិភពលោក។
២. កីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅប្រទេសវៀតណាម។ កីឡាករជម្រើសជាតិប្រដាល់គុនខ្មែររូបនេះ បានបើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីទទួលបានជោគជ័យជាបន្ដបន្ទាប់ពីការប្រកួតក្នុងស្រុក។
៣. វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក ៤សម័យជាប់គ្នា និងជាកីឡាករដំបូងលើពិភពលោកដែលធ្វើបានកំណត់ត្រាដ៏អស្ចារ្យនេះ។ លើសពីនេះលោកស្រីក៏ធ្លាប់ដណ្ដើមមេដាយមាសស៊ីហ្គេម និងជើងឯកអាស៊ីជាច្រើនផងដែរ។
៤. កីឡាករជនពិការ ហៀ ហុក ម្ចាស់មេដាយមាសប្រណាំងរទេះនៃកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី ។
៥. កីឡាការិនី ប៉ាល់ ឆរស្ម៊ី ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមនៃកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម។ ប៉ាល់ ឆរស្ម៊ី ក៏ជាម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យជាប់គ្នា ហើយក៏ធ្លាប់ឈ្នះមេដាយមាសកីឡាវ៉ូវីណាមជើងឯកពិភពលោក និងព្រឹត្តិការណ៍អន្ដរជាតិធំៗជាច្រើនទៀត ទាំងលើកីឡាវ៉ូវីណាម និងកីឡាតេក្វាន់ដូ ITF ផងដែរ។
៦. ព្រឹទ្ធាចារ្យកីឡាបាល់ទាត់ ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិទសវត្សរ៍ទី៦០។
៧. កីឡាការិនីជនពិការ វ៉ិន ចាន់ថា ម្ចាស់មេដាយមាសលោតចម្ងាយ និងរត់ ៤០០ម៉ែត្រនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី។
៨. វីរកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូកីឡាអាស៊ីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ។ លើសពីនេះ សៀវម៉ី ក៏ជាម្ចាស់មេដាយមាសស៊ីហ្គេម ៣សម័យ រួមទាំងការដណ្ដើមបានសមិទ្ធផលធំៗជាច្រើនលើឆាកអន្ដរជាតិជូនជាតិផងដែរ។
ចំណែកកីឡាករ-កីឡាការិនីត្រូវកាន់ទង់ និងដង្ហែទង់កីឡាជាតិ អមពិធីរត់ភ្លើងគប់វិញរួមមាន៖
១. កីឡាករ ទូច រ៉ាឆាន់ ម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីងស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម។
២. កីឡាការិនី វង ចន្ថា និងកីឡាករ ស៊ីន វង់ ម្ចាស់មេដាយមាសកីឡាប៉េតង់លើវិញ្ញាសាវាយគូចម្រុះនារី នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម។
៣. កីឡាករ វ៉ា មិថុនា ម្ចាស់មេដាយមាសកីឡាតេក្វាន់ដូ WT នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម
៤. កីឡាការិនី ពៅ សុខា ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមពិភពលោកឆ្នាំ២០១៩។
៥. កីឡាករ លី បូរ៉ាមី ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម។
សូមបញ្ជាក់ថា ក្រៅពីនេះក៏មាននូវកម្មវិធីជាច្រើន ទាំងការសម្ដែងចលនាសមស្រប ការសម្ដែងក្បាច់គុនល្បុក្ក ការសម្ដែងសិល្បៈបុរស-សម័យ និងការបាញ់គាំជ្រួចដ៏អស្ចារ្យ និងកម្មវិធីជាច្រើនទៀត ដើម្បីអបអរសាទរពិធីបើក-បិទកីឡាជាតិ និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២២ នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា