អ៊ុយក្រែន៖ ក្រុមគ្រួសារជនរងគ្រោះក្នុងយន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលត្រូវបានបាញ់ទម្លាក់កាលពីឆ្នាំ២០១៤ បានបង្ហាញអារម្មណ៍ធូរស្រាលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីតុលាការហូឡង់បានកាត់ទោសកំបាំងមុខលើបុរសជនជាតិរុស្ស៊ី ២នាក់ និងបុរសអ៊ុយក្រែនម្នាក់ពីបទឃាតកម្ម និងកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

អ្នកស្រី Meryn O'Brien ដែលបានបាត់បង់កូនប្រុសរបស់គាត់ឈ្មោះ Jack វ័យ ២៥ឆ្នាំក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនោះបាននិយាយថា ខ្ញុំមានអារម្មណ៍ធូរស្រាលហើយ។ ខ្ញុំមានអារម្មណ៍ថា ដំណើរការនេះបានឈានដល់ទីបញ្ចប់ ហើយវាយុត្តិធម៌ខ្លាំងណាស់។ ខ្ញុំក៏មានអារម្មណ៍ ដូចជាអ្នកផ្សេងទៀតដែលចង់លឺការពិតក្នុងតុលាការនោះអញ្ចឹងដែរ។ ប្ដីរបស់អ្នកស្រីគឺលោក Jon បានបន្ថែមថា នេះជាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលបានសម្លាប់មនុស្ស ២៩៨នាក់នៅលើយន្តហោះ MH17 ហើយយើងចង់ឃើញការបញ្ចប់ការឈ្លានពានរបស់ពួកគេ និងការបញ្ចប់សង្គ្រាមនោះ។ ក្រុមគ្រួសារជនរងគ្រោះជាច្រើនបានអង្គុយជូតទឹកភ្នែកក្នុងបន្ទប់តុលាការ ខណៈប្រធានចៅក្រុម Presiding Judge Hendrik Steenhuis បានសាលក្រម។
ទីក្រុង Moscow បានច្រានការជាប់ពាក់ព័ន្ធ ឬការទទួលខុសត្រូវសម្រាប់ការធ្លាក់យន្តហោះ MH17 កាលពីឆ្នាំ២០១៤ ក៏រុស្ស៊ីបានច្រានចោលពីវត្តមានណាមួយក្នុងប្រទេសអ៊ុយក្រែនដែរ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យទស្សនរបស់តុលាការហូឡង់ដែលនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Malaysian airline ត្រូវបានបាញ់ទម្លាក់កាលពីឆ្នាំ២០១៤ ដោយមីស៊ីល BUK ផលិតដោយរុស្ស៊ី៕
អត្ថបទ៖ សុខមាន