បាល់ទាត់៖ លោក Gianni Infantino នឹងបន្តដឹកនាំ FIFA រយៈពេល ៤ឆ្នាំទៅមុខទៀតក្នុងនាមជាបេក្ខភាពតែម្នាក់គត់ដែលនឹងឈរឈ្មោះបោះឆ្នោតជាប្រធាននៅខែមីនា ឆ្នាំ២០២៣ ឆ្នាំក្រោយ។
សេចក្ដីថ្លែងការណ៍របស់ FIFA បានបញ្ជាក់ថា តាមរយៈអវសានវាទក្នុងការដាក់ពាក្យប្រជែងការបោះឆ្នោត ដើម្បីកាន់តំណែងប្រធាន FIFA បានបិទបញ្ចប់កាលពីថ្ងៃពុធ និងគ្មានបេក្ខភាពណាបានដាក់ពាក្យឡើយ។ FIFA នឹងឈានដល់មហាសន្និបាតលើកទី៧៣ របស់ខ្លួន អមជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធាននៅអាណត្តិថ្មីនៅខែមីនាឆ្នាំក្រោយនេះ។ បុរសវ័យ ៥២ឆ្នាំ Gianni Infantino នឹងកាន់តំណែងក្នុងអាណត្តិទី៣ របស់ខ្លួនក្រោយឈ្នះឆ្នោតជាប្រធាន FIFA ដំបូងនៅឆ្នាំ២០១៦ យកឈ្នះលោក Sheikh Salman ដែលកាន់តំណែងបន្តពីការចាកចេញរបស់លោក Sepp Blatter។
កន្លងមកលោក Gianni Infantino បានទទួលការគាំទ្រជាច្រើនពីសហព័ន្ធបាល់ទាត់នៃទ្វីបផ្សេងៗដូចជា CONMEBOL ធ្លាប់បានឱ្យដឹងថា បន្ទាប់ពីមានការពិភាក្សាជុំវិញស្ថានភាពបាល់ទាត់បច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតរបស់បាល់ទាត់អាមេរិកខាងត្បូង និងពិភពលោក សមាជិករបស់ CONMEBOL ទាំងអស់សុទ្ធតែគាំទ្របេក្ខភាពលោក Gianni Infantino ដើម្បីធ្វើជាប្រធាន FIFA មួយអាណត្តិទៀត។ មិនត្រឹមតែ CONMEBOL ទេកាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC និងសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក CAF សុទ្ធតែប្រកាសជំហរគាំទ្រលោក Gianni Infantino ដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ