អ៊ុយក្រែន៖ សង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យសម្ព័ន្ធយោធាណាតូរំជើបរំជួលនៅសប្ដាហ៍នេះ នៅពេលមីស៊ីលមួយគ្រាប់បានផ្ទុះនៅក្នុងភូមិមួយរបស់ប្រទេសប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែនសម្លាប់មនុស្ស ២នាក់។

ភ្លាមៗក្រោយការផ្ទុះកាលពីថ្ងៃអង្គារ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយថា ការផ្ទុះដែលបានត្រូវចំភូមិ Przewodow ជាភូមិមួយមានប្រជាពលរដ្ឋរស់នៅរាប់រយនាក់ ភាគច្រើនទំនងជាមីស៊ីលផលិតដោយរុស្ស៊ី ខណៈការស៊ើបអង្កេតនៅតែបន្ត។ សេចក្ដីថ្លែងការណ៍របស់លោកបានបង្កឲ្យមានភាពច្របូកច្របល់ទូទាំងពិភពលោក ខណៈក្រុមមេដឹកនាំសម្ព័ន្ធណាតូបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការការពារទឹកដីមិនឲ្យបាត់បង់សូម្បីតែមួយសង់ទីម៉ែត្រ នៅក្នុងបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធយោធាធំបំផុតរបស់ពិភពលោក ដែលប៉ូឡូញជាសមាជិកផងដែរនោះ។
ក្រុមអ្នកវិភាគខាងយោធាបានសរសេរបង្ហោះតាមបណ្ដាញសង្គម ដោយលើកឡើងថានេះអាចជាពេលវេលាមួយ នៅពេលសម្ព័ន្ធយោធានេះនឹងត្រូវប្រើមាត្រាទី៤ ជាការប្រឹក្សាយោបល់រវាងក្រុមប្រទេសសមាជិកណាតូ នៅពេលមានសមាជិកណាមួយគិតថា ខ្លួនត្រូវបានរងការគំរាម ឬប្រើមាត្រាទី៥ នៅពេលការវាយប្រហារមួយត្រូវបានចាត់ទុកជាអំពើហិង្សាប្រឆាំងនឹងសម្ព័ន្ធយោធានេះទាំងមូល ដែលនឹងអនុញ្ញាតឲ្យអង្គការណាតូសម្រេចចិត្តលើវិធានការ ដែលខ្លួនមើលឃើញថា សមហេតុផលក្នុងការការពារក្រុមសមាជិករបស់ខ្លួន។ នៅថ្ងៃជាមួយគ្នានោះដែរ ទាហានរុស្ស៊ីបានបាញ់សន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ជារលកនៃការវាយប្រហារដោយមីស៊ីល។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅការផ្ទុះនៅក្នុងប្រទេសប៉ូឡូញថា ជាការរីកសង្គ្រាមដ៏ធំ ហើយថាយើងត្រូវតែចាត់វិធានការ៕
អត្ថបទ៖ សុខមាន