កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងបានបាញ់នូវអ្វីដែលទីក្រុងសេអ៊ូលបាននិយាយថា ជាមីស៊ីលអន្តរទ្វីបបាលីស្ទីក ICBM មួយថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលខ្នាតតូចជាងនេះមួយគ្រាប់ និងព្រមានការឆ្លើយតបយ៉ាងខ្លាំងក្លាខាងយោធាទៅកាន់សហរដ្ឋអាមេរិក ចំពោះការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់។
អង្គភាពឆ្មាំសមុទ្រជប៉ុនក៏បានរាយការណ៍ផងដែរពីការបាញ់នេះដោយនិយាយថា អាវុធនេះត្រូវគេរំពឹងថានឹងធ្លាក់ចូលក្នុងសមុទ្រភាគនិរតីនៃភាគខាងជើងកោះហុកកៃកូ (Hokkaido) របស់ជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនេះអាចជាមីស៊ីលអន្តរទ្វីបបាលីស្ទីក ICBM ជាអាវុធរយៈចម្ងាយឆ្ងាយជាងគេបំផុតរបស់កូរ៉េខាងជើង ដែលត្រូវបានផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីមួយគ្រាប់ ខណៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគឺលោកស្រី Choe Son Hui បានព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាខាងយោធាទៅកាន់សហរដ្ឋអាមេរិក ចំពោះការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ដោយនិយាយថា ទីក្រុង Washington កំពុងលេងល្បែងដែលនឹងធ្វើឲ្យខ្លួនឯងស្ដាយក្រោយ។
សេចក្ដីថ្លែងការណ៍របស់លោកស្រី Choe គឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់កូរ៉េខាងជើង ចំពោះជំនួបកំពូលត្រីភាគីរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ជាមួយសមាភាគីរបស់លោកគឺកូរ៉េខាងត្បូង និងជប៉ុននៅក្នុងជំនួប ASEAN កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយរិះគន់ការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទីកដ៏ច្រើនមិនធ្លាប់មាន ដែលស្ថិតក្រោមបម្រាមនៃសេចក្ដីសម្រេចរបស់អង្គការសហប្រជជាតិ ដែលបានដាក់ជុំវិញការសាកល្បងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងមានក្ដីបារម្ភថា លោក Kim នឹងបន្តការសាកល្បងនុយក្លេអ៊ែរដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ មក៕
អត្ថបទ៖ សុខមាន