បាល់ទាត់៖ កីឡាកររបស់អាហ្សង់ទីនពីររូបរួមមាន Joaquin Correa និង Nicolas Gonzalez នឹងត្រូវអវត្តមានមិនអាចជួយក្រុមជម្រើសជាតិអាហ្សង់ទីនបានឡើយនៅ World Cup ដោយសារបញ្ហរបួស នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អាហ្សង់ទីន AFA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កីឡាកររបស់ក្លិប Atletico Madrid, Angel Correa ត្រូវបានកោះហៅដើម្បីជំនួស Nicolas Gonzalez ស្របពេលដែល Joaquin Correa របស់ Inter Milan ក៏មានរបួសដែរ។ អាហ្សង់ទីននឹងប្រកាសឈ្មោះកីឡាករដែលមកជំនួស Joaquin Correa នៅពេលបន្ទាប់។ អាហ្សង់ទីនបានយកឈ្នះអារ៉ាប់រួម ៥-០ ក្នុងជំនួបមិត្តភាពកំដៅសាចដុំកាលពីថ្ងៃពុធ តែគេមិនឃើញមានវត្តមានខ្សែការពារ Christian Romero, ខ្សែប្រយុទ្ធ Alejandro Gomez និង Paulo Dybala ឡើយ។ ក្រុមរបស់លោក Lionel Scaloni នឹងត្រូវជួបអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកានេះ៕
អត្ថបទ៖នាង សុភាវុធ