កណ្ដាល៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ និងសាលាសង្កាត់តាខ្មៅ បាននាំថវិកាយកទៅផ្តល់ជូនបណ្តាគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះជិត២០គ្រួសារ ដែលអាកខានមិនបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយសារស្មៀនសង្កាត់តាខ្មៅ បានកិបកេង មិនបើកប្រាក់ឧបត្ថម្ភជូនក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ជុំ ខុន ក្នុងចំណោមគ្រួសារក្រីក្រ ដែលទទួលបានប្រាក់ឧបត្ថម្ភនោះ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ពួកគាត់ពិតជាសប្បាយរីករាយ ដែលទទួលបានប្រាក់ឧបត្ថម្ភ ពីសាលាសង្កាត់តាខ្មៅ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ថ្លែងថា រហូតមកដល់ពេលនេះ ខាងក្រសួងសង្គមកិច្ច បានរៀបចំចាត់ចែងដោះស្រាយថវិកាយកទៅផ្តល់ជូនពលរដ្ឋក្រីក្រដែលអាកខានមិនបានបើកប្រាក់ក្នុងគ្រាកូវីដ១៩ ទាំងនោះរួចហើយ ហើយការងារនេះ ក្រសួង បានផ្ទេរភារកិច្ចឲ្យមន្ទីរសង្គមកិច្ចខេត្ត រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលសាលាសង្កាត់តាខ្មៅរៀបចំចាត់ចែងយកទៅជូនគាត់ដោយផ្ទាល់ផងដែរ។
ទាក់ទងនឹងសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់នៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន៤៨ម៉ោង។
យោងតាមឯកឧត្តម ឈួរ សុបញ្ជា នៅទូទាំងក្រុងតាខ្មៅ ខេត្តកណ្តាល មានគ្រួសារមានបណ្ណក្រីក្រត្រូវទទួលបានសាច់ប្រាក់ឧបត្ថម្ភក្នុងគ្រាកូវីដ១៩ មានចំនួន៥៩៧គ្រួសារ ក្នុងនោះមានគ្រួសារក្រីក្រក្នុងសង្កាត់តាខ្មៅ ប្រមាណ១៨គ្រួសារមានភាពមិនប្រក្រតី មិនបានបើកសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងគ្រាលំបាកកូវីដ១៩៕ អត្ថបទ ស៊ុម សុខជា
