ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា នាពេលនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាម៉េរិក កំពុងធ្វើការសម្របសម្រួលតាមផ្លូវច្បាប់ និងស្វែងរកមេធាវីដើម្បីការពារក្តីជូនដល់មន្រ្តីកម្ពុជាចំនួនពីររូប ដែលត្រូវបានអាជ្ញាធរអាម៉េរិកធ្វើការឃាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា “ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន”។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកំពុងស្វែងរកយុត្តិធម៌ បន្ទាប់ពីសហរដ្ឋអាម៉េរិក ឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ កាលពីម្សិលមិញ បានឲ្យដឹងថា មានការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាម៉េរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
សេចក្តីប្រកាសនេះ បានបន្តថា ក្រសួងកសិកម្ម មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោក គី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
ជាមួយបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ ក្រសួងកសិកម្ម បានសម្តែងការហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់« ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាម៉េរិក»៕អត្ថបទ៖ បាន ចក់


