ភ្នំពេញ៖ ឯកឧត្ដម វឿង ឌីញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គនិយមវៀតណាម បានមកដល់ព្រះរាជាណាចក្រកកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមមូលបទ««បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។
តបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។
ឯកឧត្តម វឿង ឌីញ ហ្វេ នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ នៅក្រោយជំនួប ភាគីទាំងពីរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម៕








