កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បេក្ខជនជាសិស្សានុសិស្ស១៩៤នាក់មកពីតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១៨វិទ្យាល័យក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងជជែកដេញដោលថ្នាក់តំបន់២ក្រោមប្រធានបទ «ទឹកស្អាត អនាម័យ និងវិធីបង្ការោគ» នៅវិទ្យាស្ថានបូលីណូនៃសាកលវិទ្យាល័យអន្តរជាតិ ក្រោមការឧបត្ថមពីអង្គការ WaterAid វ័តធើអែដ និងមានការមានការអញ្ជើញជាអធិបតីពីឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
នៅក្នុងកម្មវិធីប្រកួតប្រជែងជជែកដេញដោលថ្នាក់តំបន់២ក្រោមនេះ បេក្ខជនជាសិស្សានុសិស្សទាំង១៩៤នាក់ ត្រូវបានចែកចេញជា៣៤ក្រុម ដោយបានឆ្លងកាត់វគ្គជម្រុះចំនួន៤លើក ។ គណៈកម្មការទាំងអស់ជ្រើសរើសបានក្រុមជ័យលាភីលេខ១បានទៅលើសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លែងដោយបានទទួលនូវទឹកប្រាក់ចំនួន៣លានរៀល និងលេខ២ បានទៅលើសិស្សវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ បានទទួលទឹកប្រាក់ចំនួន២លានរៀលផងដែរ។
ក្នុងឱកាសប្រកួតប្រជែងនេះ តំណាងសិស្សានុសិស្ស៧នាក់បានអោយដឹងថា៖ កម្មវិធីប្រកួតប្រជែងជជែកដេញដោលក្រោមប្រធានបទ «ទឹកស្អាត អនាម័យ និង វិធីបង្ការោគ» នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងផ្នែកទឹកស្អាត អនាម័យ និងវិធីបង្ការរោគ ក៏ដូចជាបង្កើនសមត្ថភាពដល់ពួកគេដែលជាយុវជន ក្នុងការបញ្ចេញវោហាសាស្រ្ត និងជជែកដេញដោលជាសាធារណៈ។ សិស្សានុសិស្សដែលជាយុវជន នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ តាមរយៈការសិក្សាស្រាវជ្រាវ និងជជែកដេញដោល ក៏ដូចជាទទួលបានមតិយោបល់ពីគណៈកម្មការជំនាញ លើការងារ ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ និងអាចយកចំណេះដឹងនេះទៅផ្សព្វផ្សាយនៅថ្នាក់មូលដ្ឋានអោយបានយល់ដឹង។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានអោយដឹងថា៖ កម្មវិធីប្រកួតប្រជែងដេញដោលនេះ ពិតជាមានអត្ថប្រយោជន៍ក្នុងការលើកទឹកចិត្តសិស្សនុសិស្ស និងបង្កើនការយល់ដឹងស្តីពី ទឹកស្អាត សុខភាព អនាម័យ និងវិធីបង្ការរោគ ក្នុងសហគមន៍តាមរយៈការផ្តល់ឱកាសឱ្យយុវជនបានសិក្សាស្រាវជ្រាវ និងបញ្ចេញសមត្ថភាពចំណេះដឹងជាសាធារណៈក្នុងឱកាសនេះ។ ឯកឧត្តម ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញយុវជនកម្ពុជាទទួលបាននូវឱកាស អប់រំកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ចំពោះវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកប ដោយនិរន្តរភាព ” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុម័តនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទសម្រាប់ឆ្នាំ២០១៤-២០២៥ ជាមួយនឹងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការ លើកកម្ពស់ អនាម័យជនបទផងដែរ ៕ ហុង វាស្នា












