កំពត៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បង្ហាញមោទនភាពកុមារី យុវតីដែលមានឱកាសទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកា សមាជិក គាំទ្រសាខាខេត្តកំពតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារី យុវតីឲ្យទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ សីលធម៌ សង្គម និងចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។
លោកជំទាវអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពតបន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្បៈ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាពសង្គមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឱ្យកាន់តែសកម្មថែមទៀត៕


