ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសុក្របានអំពាវនាវឱ្យប្រទេសប្រ៊ុយណេ និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ធ្វើការរួមគ្នាដើម្បីកសាងសមុទ្រចិនខាងត្បូងឲ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
លោក Xi Jingping បានថ្លែងដូច្នេះនៅពេលជំនួបជាមួយមហាក្សត្រ Sultan Hassanal Bolkiah របស់ប្រទេសប៊្រុយណេ នៅក្រៅកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៩ (APEC) ក្នុងប្រទេសថៃ។ ស្តីពីទំនាក់ទំនងប្រទេសចិន-ប្រ៊ុយណេ លោក Xi បាននិយាយថា ប្រទេសទាំងពីរគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធរវាងគ្នាទៅវិញទៅមកនៅទូទាំងសមុទ្រ ជាមិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូនៃការអភិវឌ្ឍន៍រួម ដែលបានធ្វើជាគំរូក្នុងកិច្ចសហប្រតិបត្តិការដោយសុខដុមរមនា និងផលប្រយោជន៍ទៅវិញទៅមក។
ដោយលើកឡើងថា នៅឆ្នាំក្រោយគឺជាខួបលើកទី៥ នៃទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ លោកបានជំរុញឱ្យភាគីទាំងពីរ ធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ភាពជាដៃគូឱ្យកាន់តែទូលំទូលាយ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ុនថន