ភ្នំពេញ៖ សមិទ្ធផលដ៏ធំធេង នៅស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ គឺសំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលប្រើប្រាស់ប្រាស់ និងការទទួលផលប្រយោជន៍ពីសមិទ្ធផលទាំងអស់នោះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល លើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង និងបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវាន់ និងស្ថាបនាកំណត់ផ្លូវជាតិ ៧០បេ ក្រាលកៅស៊ូ DBST និងដាក់លូ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នេះថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិនៃជំងឺដ៏កាច-សាហាវនេះ មកលើសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ បើធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល ។
ទាក់ទងបញ្ហានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ស្នើឱ្យរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចជា៖ បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តសហការគ្នារៀបចំវេទិកាសាធារណៈនៅតាមឃុំនីមួយៗ។
រដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ, សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, ជាពិសេសសំណើ, សំណូមពរ និងបញ្ហាប្រឈម ។ បន្តយុទ្ធនាការបង្រ្កាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងខេត្ត ។
គណៈអភិបាលខេត្ត និងស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន, ការជួញដូរ និងរត់ពន្ធមនុស្សជាដើម និងបន្តជំរុញបំផុសប្រជាជនឱ្យចូលរួមសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។
ក្រៅពីគោលការណ៍ខាងលើ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ បន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និងដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និងវត្តអារាម ព្រមទាំងបំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ លើដីទំនេរក្នុងបរវេណផ្ទះ ក្នុងគោលបំណងបង្កើនគម្រងបៃតង និងចូលរួមទប់ស្កាត់ការឡើងកំដៅផែនដី ។ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានភាពម៉ឺងម៉ាត់ចំពោះរថយន្តដឹកដីគ្រប់ប្រភេទ ដែលបើកនៅលើផ្លូវ ដោយត្រូវចៀសវាងនូវការជ្រុះដីតាមផ្លូវ ដែលបណ្តាលឱ្យឆាប់ស្ទះលូ និងឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវបេតុងក្លាយជាផ្លូវដីវិញដោយសារដីគ្របពីលើ ។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននានារួមមាន៖ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែងជាង ៦ ពាន់ម៉ែត្រ កម្រាស់ ០.១៨ ម៉ែត្រ, ដាក់លូអមសងខាងផ្លូវជាង ៥ ពាន់ម៉ែត្រ, ដាក់រឺហ្គាចំនួន ២០០ កន្លែង, និងដាក់លូបង្ហូរទឹកចូលទន្លេជាង ១ ពាន់ម៉ែត្រ។ ចំណែកបើកការដ្ឋានស្ថាបនា, ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST ប្រវែង ៤ ពាន់ម៉ែត្រ ទទឹង ១ ម៉ែត្រ និងដាក់លូរំដោះទឹកសងខាងផ្លូវប្រវែងជាង ៨ ពាន់ម៉ែត្រ និងផ្លូវសំបុកមាន់ប្រវែង ២០ ម៉ឺនម៉ែត្រ ដោយកៅស៊ូ DBST ស្ថិតក្នុងឃុំពុកឬស្សី, និងការជួសជុលកែលម្អស្ពានព្រែកកុងវាន់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី