កំពង់ចាម៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញជាក្នុងកម្មវិធី "លែងកូនត្រីពូជធម្មជាតិ ចំនួន ៦៥.០០០ក្បាល" ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈសមាគមយុវជនក្រុម៨ ដើម្បីលែងក្នុងអាងទឹកអូរតាកេរ្តិ៍ នៃគម្រោង "សហគមន៍កសិករសែនជ័យ" ក្នុងភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
កម្មវិធីលែងកូនត្រីនេះ គឺជាផ្នែកមួយនៅក្នុងអនុវិស័យទាំងបីនៃវិស័យកសិកម្ម របស់សហគមន៍កសិករសែនជ័យ ដែលផ្តោតជាចម្បង ដូចជា វារីវប្បកម្ម ស្រូវ និងបន្លែសុវត្ថិភាព។
គម្រោង "សហគមន៍កសិករសែនជ័យ" បង្កើតឡើងក្នុងគោលបំណង ជួយជម្រុញវិស័យកសិកម្មក្នុងស្រុកជើងព្រៃ ឱ្យកាន់តែមានសក្ដានុពល និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។
កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសម្ព័ន្ធសហគមន៍កសិកម្ម ក្រុមហ៊ុនត្រូពិកខែម ផលិតបន្លែសុវត្ថិភាព ធនាគារវីង ក្រុមការងារយុវជនក្រុម៨ សកម្មជនយុវជនមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមផងដែរ៕











