
កំពង់ឆ្នាំង÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៥ និង៤០នាទីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមនគរបាលការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការស្ទាក់ចាប់ឃាត់រថយន្តម៉ាកសាំយ៉ុង ១គ្រឿង ដឹកផលិតផលអំពីសត្វ គឺកញ្ចប់កោះមាន់ក្លាសេគ្មានច្បាប់អនុញ្ញាតចេញពីប្រទេសថៃ ច្រកព្រំដែនឡែម ឆ្ពោះទៅក្រុងភ្នំពេញ និងត្រូវសមត្ថកិច្ចឃាត់ជាប់នៅចំណុចស្ពានឃុំជ្រៃ បាក់ស្រុករលាប្អៀរ បញ្ជូនឲ្យមន្ត្រីជំនាញចាត់ ការតាមផ្លូវច្បាប់។
ការិយាល័យនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីលោកស្នងការបានទទួលព័ត៌មានពីប្រជាពលរដ្ឋស្មោះត្រង់បានរាយការណ៍ពីករណីខាងលើនេះ លោកបានដឹកនាំកម្លាំងចេញប្រតិបត្តិការ ១៥ថ្ងៃរួចមកហើយ ដើម្បីឃ្លាំមើលបទល្មើសខាងលើនេះ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានដឹកនាំមន្ត្រីនគរបាលក្នុងអង្គភាពចំនួន ៧នាក់ រថយន្ត ២គ្រឿងចេញប្រតិបត្តិការតាមដងផ្លូវជាតិលេខ៥ នៅវេលាម៉ោង៥ និង៤០នាទីព្រលប់ ក្រុមសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M- 3047 (ជាស្លាកលេខក្លែងក្លាយ) ដឹកកោះមាន់ក្លាសេច្រកស្បោង និងច្រកក្នុងកេះក្រដាសឆ្ពោះទៅលក់នៅទីក្រុងភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីខាងលើនេះបានឃាត់អ្នកបើកបររថយន្តម្នាក់ឈ្មោះ ធឹម លាប អាយុ៣០ឆ្នាំ ភេទប្រុស និងព្រូរថយន្តម្នាក់ឈ្មោះ ឌុំ រតនា ភេទ ប្រុស អាយុ២០ឆ្នាំ គេទាំងពីរនាក់រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អ្នកបើកបររថយន្តខាងលើនេះ បានអោយដឹងថា គាត់ជាអ្នកស៊ីឈ្នួលដឹកទំនិញឲ្យក្រុមហ៊ុនទេ ដែលក្នុងមួយជើងគេឲ្យថ្លៃបើកបរ ចំនួន១០ ម៉ឺនរៀល ដោយត្រូវបើកបរចេញពីច្រកព្រំដែនឡែមឆ្ពោះទៅក្រុងភ្នំពេញ។កោះមាន់នេះសរុបមានចំនួនជាង ៣០០កេស និងមានទម្ងន់ជាង៤តោន។
សមត្ថកិច្ចឲ្យដឹងទៀតថា÷ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអោយសមត្ថកិច្ចជំនាញកសាងសំណុំរឿងដឹកជញ្ជូនផលិតផលអំពីសត្វគ្មានច្បាប់អនុញ្ញាតនេះ និងអ្នកបើកបរព្រមទាំងព្រូលរថយន្ត ជូនទៅជំនាញការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកានេះ តែម្ដងដើម្ចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ: ហុង វាស្នា





