ភ្នំពេញ៖ ជាការសម្រួលដល់ការរស់នៅ ផ្ដោតសំខាន់លើការផ្គត់ផ្គង់ស្បៀង និងបញ្ចៀសការដំឡើងថ្លៃរបស់ជនឱកាសនិយម សម្រាប់កំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចដឹកស្បៀងដែលមានអង្ករ និងមីដើរលក់ជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅក្នុងតម្លៃមួយថោកជាងទីផ្សារ។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម សហការជាមួយជាសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកជញ្ជូនស្បៀងរួមមានអង្ករ និងមីដើរលក់ចល័តក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ការចល័តលក់ស្បៀងរបស់ក្រសួងពាណិជ្ជកម្មនាពេលនេះ គឺដើម្បីធានាដល់សន្តិសុខស្បៀងជូនដល់ប្រជាពលរដ្ឋ ក្នុងទីតាំងបិទខ្ទប់ទាំងពីរកុំឲ្យមានការព្រួយបារម្ភ និងបញ្ចៀសការដំឡើងថ្លៃមុខទំនិញ របស់ជនឱកាសនិយមក្នុងកំឡុងពេលនេះ។ សម្រាប់ថ្ងៃទី១៦ ខែមេសានេះ ការដឹកស្បៀងលក់ចល័តនេះធ្វើឡើងនៅទីតាំងចំនួន ៣ គឺស្ថិតនៅគីឡូម៉ែត្រលេខ ៦ ផ្សារទួលសង្កែ និងទីផ្សារត្រពាំងថ្លឹងតាមបណ្ដោយផ្លូវវេងស្រេង។ រីឯតម្លៃស្បៀងដែលដឹកចល័តលក់ក្នុងកំឡុងពេលនេះ គឺកំណត់យ៉ាងច្បាស់លាស់ដោយអង្ករផ្កាម្លិះ ១៧៥.០០០៛/បាវ, អង្ករផ្កាខ្ញី ១២០.០០០៛/បាវ អង្ករនាងខុន ១១០.០០០៛/បាវ, អង្ករនាងមិញ ១០០.០០០៛/បាវ និងមីជាតិ ១កេស ២៤កញ្ជប់ ១៦០០០រៀល/កេស។ សម្រាប់ប្រជាពលរដ្ឋដែលបានដឹងពីព័ត៌មាន ហើយមកទិញនាព្រឹកនេះបានបង្ហាញភាពសប្បាយចិត្ត និងអរគុណដល់រដ្ឋាភិបាល សម្រាប់ការជួយអន្តរាគមន៍ភ្លាមៗបែបនេះផងដែរ។
តម្លៃទាំងនេះគឺធូរថ្លៃជាងតម្លៃនៅទីផ្សារ ព្រោះក្នុងកំឡុងពេលនេះអាជីវករមួយចំនួន ដែលមិនបានគិតពីផលប្រយោជន៍រួម បានឆ្លៀតឱកាសដំឡើងថ្លៃលើមុខទំនិញ។ យ៉ាងណាមិញក៏មាន ហាងធំៗមួយចំនួន ក៏បានប្រកាសរក្សាតម្លៃទំនិញដដែល ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ការដឹកស្បៀងចល័តលក់នេះនឹងបន្ត រហូតដល់ស្ថានការណ៍ត្រលប់ទៅប្រក្រតីភាពវិញ។ ក្រៅពីការដឹកលក់ចល័ត ក៏មានទីតាំងលក់អចិន្ត្រៃយ៍របស់សមាជិក សហព័ន្ធស្រូវអង្ករជាច្រើនបន្ថែមទៀតផងដែរ។ ចំពោះការដំឡើងថ្លៃមុខទំនិញតាមទីផ្សារនេះ សាលារាជធានីភ្នំពេញក៏កំពុងយកចិត្តទុកដាក់ ហើយនឹងឈានដល់ការចាត់វិធានការ ចំពោះជនឱកាសនិយមទាំងនោះផងដែរ។ កំឡុងពេលបិទខ្ទប់នាពេលនេះ សម្រាប់ប្រជាពលរដ្ឋដែលមានភាពខ្វះខាត ក៏ទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ដាច់ស្បៀងនោះទេ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបញ្ជាក់ថា កម្ពុជាមានស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។ ក្នុងនោះបញ្ជាក់ថែមថា កម្ពុជាបានបញ្ចប់ការប្រមូលស្រូវវស្សារួចរាល់កាលពីខែមករា ក្នុងទំហំជាង ២,៥លានហិកតា និងមានស្រូវប្រាំងក្នុងទំហំជិត ១លានហិកតាដែលប្រមូលផលបានជាង ៩០% ផងដែរ៕ អត្ថបទ៖ គឹម ហុក

