នៅព្រឹកថ្ងៃទី២១វិច្ឆិកានេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី៣ ក្រោមវត្តមានរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) និងការអញ្ជើញចូលរួមថ្លែងសុន្ទរកថារបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ , ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.អ និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង មន្ទីរពាក់ព័ន្ធ សមាគម សហគមទេសចរណ៍ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
យោងតាមរបៀបវារៈ នៃការរៀបចំវេទិកានៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ក៏នឹងមានរៀបចំពិធីចុះហត្ថលេខាចំនួន ៣ផងដែរ មានដូចជា៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ” រវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងសហគមន៍ចំនួន៦ , ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល (FACT) និងពិធីចុះហត្ថលេខាលើផែនការសកម្មភាពរួម សម្រាប់ឆ្នាំ២០២៣ រវាង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងនាយកដ្ឋាន សេដ្ឋកិច្ចស្ត្រីនៃក្រសួងកិច្ចការនារី។
សូមបញ្ជាក់ថា តាមរយៈការរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី៣នេះ គឺដើម្បីជាការជួបជុំថ្នាក់ជាតិដ៏ធំ រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធនានា ដើម្បីបន្តរួមគ្នា ពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍លើការងារអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ក្នុងបរិបទគន្លងថ្មី នៃការរស់នៅ (New Normal Life)។






