ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី២១ខែវិច្ឆិកានេះ ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា បានឲ្យសាធារណជនចូលទស្សនា ដើម្បីឈ្វេងយល់ពីសកម្មភាពមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ស្ថិតនៅមុខមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សប្រមាណ ៣០០នាក់ផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីលី ធុជ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រជាជនកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ កម្ពុជាទទួលបានសន្តិភាពពេញលេញ បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា និងទប់ស្កាត់គ្រោះថ្នាក់។
លើសពីនេះ ឯកឧត្តម បន្តទៀតថា បេសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាល ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយផលបះពាល់ដោយសារមីន និងសណល់ជាតិផ្ទុះពីសង្គ្រោមនៅកម្ពុជា។ ជារួមផ្ទៃដីជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតនិងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រើប្រាស់ រាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងកសិកម្មជាដើម។
ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ចាប់ពីថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអនុញ្ញាតឲ្យសាធារណៈជន ចូលរួមទស្សនា ដោយសេរីនិងមានដាក់តាំងបង្ហាញពីសមិទ្ធផលសកម្មភាពមីនក្នុងរយៈពេល៣០ឆ្នាំ មានដូចជា៖ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ សុនខ និងកណ្តុរ។
បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ អត្ថបទ៖ទូច សោភ័ណ














