ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ហូឡង់ Max Verstappen ដែលជាជើងឯកពិភពលោកទៅហើយនោះ បានប្រជែងឈ្នះការប្រកួតនៅទីលានបិទរដូវកាល ២០២២ នៅ Abu Dhabi អារ៉ាប់រួម។ នេះជាជ័យជំនះទីលានទី ១៥ ក្នុងរដូវកាល ២០២២ នេះ ដើម្បីពន្លាតកំណត់ត្រាឈ្នះច្រើនទីលានបំផុតក្នុងមួយរដូវកាល។

ចំណែកឯការប្រជែងចំណាត់ថ្នាក់លេខ២ ក្នុងតារាងជើងឯកពិភពលោកកីឡាករម៉ូណាកូរបស់ Ferrari, Charles Leclerc ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៅ Abu Dhabi នេះ ខណៈគូប្រជែងកីឡាករម៉ិកស៊ិក Sergio Perez បានត្រឹមចំនាត់ថ្នាក់លេខ៣។ មានន័យថា Charles Leclerc បិទបញ្ចប់រដូវកាលជាជើងឯករងពីលើ Sergio Perez ត្រឹម ៣ពិន្ទុ។
ជាមួយគ្នានោះដែរជើងឯកពិភពលោក ៤សម័យ Sebastian Vettel បានបិទបញ្ចប់អាជីព F1 របស់ខ្លួនជាមួយនឹងការខកចិត្តដោយបានត្រឹមចំណាត់ថ្នាក់លេខ ១០ នៅ Abu Dhabi នេះបន្ទាប់ពីជើងឯក ៧សម័យ Lewis Hamilton បានដើរចេញពីការប្រកួតនៅពេលសល់ ៤ជុំទៀតចប់។ Lewis Hamilton របស់ក្រុម Mercedes បានបិទបញ្ចប់រដូវកាល ២០២២ របស់ខ្លួនដោយមិនឈ្នះមួយទីលានណាសោះជាលើកដំបូងក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ