ល្បុក្កតោ៖ ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាបានឈ្នះមេដាយចំនួន ៥គ្រឿងរួមមានមេដាយមាស ១ និងប្រាក់ ៤ នៅក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោកប្រចាំឆ្នាំ២០២២ (International martial arts contest 2022) កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនៅសាធារណរដ្ឋកូរ៉េ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឲ្យដឹងថា ឆ្នាំនេះសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (world martial art union) បានសម្រេចរៀបចំការប្រកួតផ្ទាល់ឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីរៀបចំការប្រកួតតាម Online កាលពីឆ្នាំ២០២១ កន្លងទៅ។ ការប្រកួតនេះមាន ១០ប្រទេសចូលរួម រួមមានកម្ពុជា អូបេគីស្ថាន វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌា ហ្គាណា ហ្វីលីពីន អ៊ីរ៉ង់ និងម្ចាស់ផ្ទះកូរ៉េ។ កម្ពុជាបានបញ្ជូនអត្តពលិក ១០ចូលរួម ក្នុងនោះមានគ្រូដឹកនាំ ២រូប តាមរយៈការឧបត្ថម្ភគាំទ្ររបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ជាលទ្ធផលកការប្រកួតក្រុមកីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងរួមមាន៖ កីឡាការិនី ពិធី ច័ន្ទឆវី ឈ្នះមេដាយមាស ១ លើវិញ្ញាសាទ្វារមេគុនអាវុធ។ រីឯមេដាយប្រាក់ ៤គ្រឿងទៀតដណ្ដើមបានលើវិញ្ញាសាទ្វារមេគុនអាវុធ, វិញ្ញាសាទ្វារមេគុនដៃក្រុម, វិញ្ញាសាទ្វារមេគុនអាវុធក្រុម និងវិញ្ញាសាសម្ដែងជាក្រុម។ តាមរយៈលទ្ធផលនេះ ត្រូវបានលោក អ៊ួ តារា ចាត់ទុកជាពន្លឺថ្មីមួយសម្រាប់កីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ដែលធ្វើបានល្អក្នុងការប្រកួតលក្ខណៈអន្ដរជាតិ មុនឈានដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ លី ឈុនឡា