រុស្ស៊ី៖ ក្រុមសិទ្ធិមនុស្សនិយាយថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលប្រមាណ ២ពាន់នាក់ពីប្រទេសស៊ីរីទៅកាន់អ៊ុយក្រែនដើម្បីជំរុញការវាយលុករបស់ខ្លួន។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីនិយាយថា ទាហានស៊ីឈ្នួលត្រូវបានគេជឿថា កំពុងធ្វើការគាំទ្រផ្នែកដឹកជញ្ជូន និងបេសកកម្មផ្សេងទៀតជាចម្បងនៅក្នុងតំបន់ដែលចូលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។
ក្រុមសិទ្ធមនុស្សនិយាយថា គិតត្រឹមខែតុលា មនុស្សប្រហែល ៥ម៉ឺននាក់នៅស៊ីរីបានចុះហត្ថលេខាដើម្បីចូលរួមប្រយុទ្ធឲ្យរុស្ស៊ី។ ការចុះឈ្មោះបែបនេះបាននឹងកំពុងធ្វើឡើងនៅក្នុងតំបន់ ដែលស្ថិតក្រោមរដ្ឋាភិបាលគាំទ្រដោយរុស្ស៊ីរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad។ ក្រុមអ្នកជ្រើសរើសកងទ័ពនៅភាគខាងជើងទីក្រុង Aleppo ត្រូវបានគេរាយការណ៍ថា បានប្រាប់ប្រជាជនថា ពួកគេអាចរកប្រាក់បាន ៣,០០០ដុល្លារក្នុងមួយខែ ហើយអាចទទួលបានសញ្ជាតិរុស្ស៊ីប្រសិនបើពួកគេចុះឈ្មោះ។ បុរសជនជាតិស៊ីរីម្នាក់បានក្លាយជាទាហានស៊ីឈ្នួល ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់ប្រពន្ធ និងកូនបីនាក់ បុរសរូបនេះត្រូវបានគេបញ្ជូនទៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីខែកក្កដា។
ក្រោយមកគាត់បានទូរស័ព្ទទៅមិត្តភ័ក្តិនៅប្រទេសស៊ីរី ដើម្បីនិយាយបញ្ចុះបញ្ចូលមិនឲ្យធ្វើដំណើរមកអ៊ុយក្រែន ដោយបាននិយាយថា ការវាយប្រហាររបស់យោធាអ៊ុយក្រែនបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់។ បុរសនេះនិយាយថា ទាហានស៊ីឈ្នួលស៊ីរីត្រូវបានចាត់ទុកដូចជាទាសករ ហើយអនុញ្ញាតផ្តល់ឱ្យអាហារកំប៉ុងតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ម្ហូបអាហារមានរស់ជាតិខូចគុណភាព ហើយមិនច្បាស់នោះទេថាអាហារនេះចម្អិនពីអ្វី។ បុរសនេះនិយាយថា ការពន្យល់ដែលផ្តល់ឲ្យដោយអ្នកជ្រើសរើសទាហានគឺសុទ្ធតែជាការភូតកុហក និងបាននិយាយថា យើងមិនបានទទួលប្រាក់ឈ្នួលទាល់តែសោះចាប់តាំងពីទទួលបាន ៥០០ដុល្លារនៅប្រទេសស៊ីរី៕
អត្ថបទ៖ ប៊ុនថន