ភ្នំពេញ៖ ប្រធានសមាគមលើកស្ទួយម្រេចកំពត រំពឹងថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញផលិតផលម្រេចនឹងងើបឡើងល្អប្រសើរវិញ ដោយការរំពឹងទុកនៃការប្រមូលផលម្រេចឆ្នាំក្រោយ នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំនេះ ព្រមទាំងមានទីផ្សារថ្មីៗបន្ថែមទៀត ជួយគាំទ្រដល់ការនាំចេញម្រេចកម្ពុជា។
លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត លើកឡើងនៅថ្ងៃទី ២១ ខែ វិច្ឆិកានេះថា នៅក្នុងឆ្នាំនេះ ការប្រមូលផលម្រេចរបស់កសិករទទួលបានទិន្នផលទាបជាងឆ្នាំ ២០២១ ចំណែកទីផ្សារនាំចេញក៏ជួបបញ្ហាខ្លះៗផងដែរ ដោយសារការកើនឡើងនៃប្រាក់ដុល្លារ ខណៈការនាំចេញម្រេចភាគច្រើនគិតជាតម្លៃអឺរ៉ូ ហើយបច្ចុប្បន្នអត្រាប្តូរប្រាក់អឺរ៉ូនេះកំពុងធ្លាក់ចុះ ដែលបញ្ហាទាំងនេះ ធ្វើឲ្យអ្នកបញ្ជាទិញមានការស្ទាក់ស្ទើរ។
ទោះបីឆ្នាំនេះមានការធ្លាក់ចុះ តែនៅឆ្នាំ ២០២៣ លោក រំពឹងថា ទីផ្សារនាំចេញម្រេចរបស់កម្ពុជា នឹងអាចងើបល្អប្រសើរឡើងវិញ និងស្របពេលកម្ពុជាក៏មានទីផ្សារថ្មីខ្លះៗបន្ថែម ដែលជាការរួមចំណែកដល់ការនាំចេញ លើទីផ្សារដែលមានស្រាប់ផងដែរ។
ជុំវិញការនាំចេញម្រេច, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ១០ ឆ្នាំ២០២២ នេះ ការនាំចេញ ម្រេច សម្រេចបានមានចំនួនជាង ៧,៧ ពាន់តោន ថយចុះ ៧២ ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមជាង ៦,៦ ពាន់តោន៕អត្ថបទ៖ សុន រ៉ាឌី