ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រសួងការពារជាតិ បានរៀបចំបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោលថ្នាក់អាស៊ាន និងថ្នាក់តំបន់ស្តីពីការបោសសម្អាតមីន រយៈពេល១៩ថ្ងៃ ដែលមានសិក្ខាកាមយោធាចូលរួម ១០ប្រទេស។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា វគ្គហ្វឹកហ្វឺននេះបានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា បន្តចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិUN ស្មើភាពគ្នាក្រោមឆ័ត្រUN ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា នេះជាលើកទី៥ ដែលកម្ពុជាក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលបារាំង និងអូស្ត្រាលី រៀបចំវគ្គហ្វឹកហ្វឺនគ្រូបង្គោលថ្នាក់អាស៊ាន និងថ្នាក់តំបន់របស់UN ស្តីពីបច្ចេកទេសបោសម្អាតមីន និងគ្រប់គ្រងចំការមីន រយៈពេល១ឆ្នាំម្តង ខណៈការរៀបចំលើកដំបូង គឺកម្ពុជា បានធ្វើឡើងនៅឆ្នាំ២០១៧ ហើយក្រោយមកកម្ពុជា បានអាកខានរៀបចំនួន២ឆ្នាំដោយសារការរាតត្បាតមេរោគកូវីដ១៩។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា យ៉ាងណាក៏ដោយកម្ពុជា មានមោទនភាព ដែលមជ្ឈដ្ឋានអន្តរជាតិផ្តល់ការគាំទ្រ រៀបចំវគ្គហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ និងចំណេះដឹងស្តីពីការងារមីន ជូនបណ្តាប្រទេសក្រោមឆ័ត្រUN ដើម្បីពង្រីកការចូលរួមសកម្មភាពមនុស្សធម៌លើអន្តរជាតិ ស្តីពីការងារបោសសំអាតមីននេះ។
ឯកឧត្តម បានថ្លែងដែរ ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ នាយទាហានកម្ពុជា ចំនួន៨៣០២នាក់ ក្នុងនោះនារី ៥៨០នាក់ បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការប្រជាជាតិ ប្រកបដោយភាពជោគជ័យ ហើយបច្ចុប្បន្នកម្ពុជា មាននាយទាហានជា ៨០០នាក់ ក្នុងនោះនារី១១៨នាក់ បាននិងកំពុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន ៤រួមមាន ៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រឹកកណ្តាល ហើយកងកម្លាំងទាំងនោះគឺបានក្លាយជាគ្រួសារអង្គការសប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់សេ្ថរភាពមួយផ្នែកជូនពិភពលោកនេះផងដែរ។
សូមបញ្ជាក់ថា សិក្ខាកាមយោធា ១០ប្រទេសដែលបានចូលរួមវគ្គហ្វឹកហ្វឺនថ្នាក់អាស៊ាន និងថ្នាក់តំបន់រយៈ១៩ថ្ងៃនេះរួមមាន៖ ប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស ឡាវ ម៉ុងហ្គោលី និងកម្ពុជាខ្លួនឯងសរុបជាង៣១រូប៕ អត្ថបទ ស៊ុម សុខជា