ត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ នៅថ្ងៃទី២១ ខែវិច្ឆិកា នេះ បានជួបសំណេះសំណាលជាមួយសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួនជាង៤០០០នាក់ ក្នុងស្រុកត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយរបស់គណបក្សនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់សមាជិកថ្មីទាំងអស់នៅមូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ដោយបានតម្រង់ទិសឱ្យសមាជិកគ្រួសាររបស់ខ្លួន ក្លាយជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាបន្ថែមទៀតនាពេលនេះ។
ឯកឧត្តម បានថ្លែងអំណរគុណដល់គណបក្សខេត្តស្រុក និងក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងារថ្នាក់ឃុំ ក្នុងស្រុកត្បូងឃ្មុំ ដែលបានជួយសម្របសម្រួលក្នុងការដាក់បញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នាពេលនេះ។ នេះជាការខិតខំប្រឹងប្រែងដ៏មានប្រសិទ្ធភាព ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ បានកើនសមាជិកថ្មីបន្ថែមទៀត។
ឯកឧត្តម បង្ហាញនូវក្ដីសង្ឃឹមថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកត្បូងឃ្មុំទាំងមូល នឹងខិតខំបំពេញបន្ថែមសមាជិកបក្សឲ្យបានគ្រប់ ៩០ភាគរយ និងត្រូវអូសទាញសមាជិក នៃគណបក្សដទៃ ឱ្យបានចូលរួមក្នុងមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា។
ទាំងនេះ គឺជាគោលដៅចម្បង ដែលសមាជិកបក្ស ត្រូវប្រកាន់យក ដោយត្រូវខិតខំថែរក្សាពូនជ្រុំឱ្យគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំលើគ្រប់វិស័យ ដើម្បីឲ្យជាតិមាតុភូមិកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ និងតទៅអនាគតផងដែរ៕ អត្ថបទ៖ ថុង សីហា