
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រសិនជាមិនមានអ្វីប្រែប្រួលនោះទេ នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានជំនួបរវាងរ ដ្ឋមន្ត្រីការពារជាតិអាម៉េរិក និងចិន នៅទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ដោយបង្ហាញនូវក្ដីរំពឹងថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក និងចិន នៅកម្ពុជា នឹងជួយឱ្យមានស្ថិរភាពទាំងក្នុងតំបន់ និងពិភពលោក។
នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នេះដែរ ស ម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ឆ្នាំនេះកូវីដមិនអាចរារាំងយើងបាន ទៀតនោះទេ ដោយសារយើងបានរៀនរស់ជាមួយកូវីដ។ កូវីដក៏មិនអាចរារាំងសម្ដេច មិនឱ្យមកចូលរួមកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅពេលនេះបាននោះដែរ។
សម្ដេចតេជោបន្ថែមថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនៅពេលនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីឱ្យកីឡាករត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ឆ្នាំក្រោ យនេះ។ អស់រយៈពេល ៦៤ ឆ្នាំកន្លងមកហើយ ដែលកម្ពុជារង់ចាំទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមនេះ។
សម្ដេចតេជោក៏បានរម្លឹកឱ្យដឹងផងដែរថា នៅសល់តែ ១៦៧ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងត្រូវរៀបចំធ្វើនៅកម្ពុជា។
ក្នុងពិធីនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ជាពិសេសឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានផ្ដល់នូវជំនួយកសាងពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត ដើម្បីត្រៀមរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយនេះ៕ ដោយ៖ គង់ ឌិន







