ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា មនុស្ស ២៦២នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មីទាំងនោះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញដល់ទៅ ២៣២នាក់, ខេត្តព្រះសីហនុ ១២នាក់, ខេត្តកណ្ដាល ៤នាក់, ខេត្តតាកែវ ២នាក់, ខេត្តសៀមរាប ២នាក់, ខេត្តពោធិ៍សាត់ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តកំពង់ស្ពឺ ១នាក់ និងខេត្តកំពង់ធំ ១នាក់។ គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៥.៤៨០នាក់បានឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេស គិតចាប់តាំងពីពេលកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០មក។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ១៩ ចំនួន ៧៤នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២.៣៩៣នាក់ ខណៈអ្នកជំងឺ ៣.០៤៤នាក់ទៀតកំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕ អត្ថបទ៖ សុខធី





