ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលមួយបានអង្រួនកោះជ្វាដ៏សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីសម្លាប់មនុស្ស ១៦២នាក់ និងជាង ៧០០នាក់រងរបួស ខណៈក្រុមអ្នកសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតជាប់ក្រោមកម្ទេចថ្ម ស្របពេលមានរលករញ្ជួយជាបន្តបន្ទាប់។

ចំណុចកណ្ដាលនៃការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រនៅជិតទីប្រជុំជន Cianjur ក្នុងខេត្តតំបន់ភ្នំជ្វាខាងលិច ស្ថិតនៅចម្ងាយ ៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Jakarta។ តំបន់នេះគឺជាលំនៅឋានសម្រាប់ប្រជាពលរដ្ឋជាង ២លាន ៥សែននាក់។ អភិបាលខេត្តជ្វាខាងលិចលោក Ridwan Kamil បាននិយាយ ខណៈលោកបានប្រកាសចំនួនអ្នកស្លាប់ថ្មីក្នុងតំបន់ដាច់ស្រយាលមួយនេះថា ភាគច្រើននៃអ្នកស្លាប់ជាសិស្សសាលារដ្ឋដែលទើបចេញពីសាលារៀននៅពេលថ្ងៃ និងរៀនបន្ថែមនៅសាលាអ៊ីស្លាមមួយចំនួន នៅពេលសាលារៀនទាំងនោះដួលរលំ។

ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ប៉ុន្តែពុំមានការប៉ាន់ប្រមាណថ្មីភ្លាមៗទេ។ ប្រជាពលរដ្ឋនៃទីប្រជុំជន Cianjur ភាគច្រើនរស់នៅអគារតែមួយ ឬអគារកម្ពស់ ២ជាន់ និងផ្ទះសម្បែងតូចៗព័ទ្ធជុំវិញតំបន់ជនបទនេះ។ លោក Kamil បាននិយាយថា មនុស្សជាង ១៣.០០០នាក់ដែលលំនៅឋានរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលនានា៕ អត្ថបទ៖ សុខមាន
