
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីនបានបញ្ជាក់អំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាពិសេសគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការសហប្រជាជាតិមានត្រឹម៨គោលដៅប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានដាក់ចេញរហូតដល់៩គោលដៅ សម្រាប់ផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់ខ្លួននោះគឺបានដាក់បញ្ចូលបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាគោលដៅអាទិភាពផងដែរ។
សម្ដេចតេជោប្រមុខរាជរដ្ឋា ភិបាលបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលបានធ្វើឡើង នៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី២២វិច្ឆិកានេះ។
សម្តេចបានគូសបញ្ជាក់ថា៖កម្ពុជាបានដាក់បញ្ចូលបញ្ហាគ្រាប់មីនជាគោលដៅអភិវឌ្ឍន៍ដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗរបស់ខ្លួនរហូតដល់ ៩ចំណុច ខណៈUNបានដាក់ត្រឹមតែ ៨គោលដៅ ហើយគោលដៅអភិវឌ្ឍន៍ដោយចីរភាពUNបានដាក់ចេញត្រឹមតែ១៧ប៉ុណ្ណោះ ប៉ុន្តែសម្រាប់កម្ពុជាបានដាក់ចេញរហូតដល់ ១៨គឺបន្ថែមមីន១ទៀត។
សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។
ពិធីដ៏ប្រពៃនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ ហើយគោលបំណង នៃខួប៣០ ឆ្នាំដែលបានរៀបចំមហាសន្និបាតនេះ គឺដើម្បីអបអរសាទរនូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍សកម្មភាពមីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិតអាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ