អាមេរិក៖ អភិបាលរដ្ឋ New York លោកស្រី Kathy Hochul បានប្រកាសថា លោកប្រធានាធិបតី Joe Biden បានអនុម័តសំណើរបស់លោកស្រីរួចហើយ សម្រាប់ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នលើតំបន់ចំនួន ១១។ ក្រោយព្យុះព្រិលរដូវរងាជាប្រវត្តិសាស្ត្រដែលបានធ្លាក់កប់សហគមន៍នានាក្នុងរដ្ឋ New York កម្រាស់ជិត ៧ហ្វីតកាលពីសប្ដាហ៍មុន។

ដោយស្ថិតក្រោមការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជំនួយដោយផ្ទាល់ពីសហព័ន្ធគឺត្រូវផ្ដល់វិធានការការពារបន្ទាន់សម្រាប់រដ្ឋនេះ រួមទាំងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងសកម្មភាពនានាដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាផ្លូវថ្នល់ និងស្ពាន ការគ្រប់គ្រងអាងស្តុកទឹក និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាដើម។ គ្រឿងឧបករណ៍សម្រាប់ឆ្លើយតបបន្ទាន់របស់ទីភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋនេះ ត្រូវបន្តជួយដល់រដ្ឋាភិបាលក្នុងតំបន់នានាក្នុងកិច្ចខិតខំប្រឹងប្រែងសម្អាត និងស្ដារឡើងវិញក្រោយហេតុការណ៍ព្យុះព្រិលជាប្រវត្តិសាស្ត្រ។

ព្រិលធ្លាក់កម្រាស់ ៨០អ៊ិញត្រូវបានរាយការណ៍នៅក្នុងឧទ្យាន Orchard Park ក្នុងតំបន់ Erie ដោយមានព្រិលធ្លាក់កម្រាស់ ៦អ៊ិញក្នុងមួយម៉ោង ខណៈដែលផ្នែកខ្លះទៀតនៃទីក្រុង Buffalo និងទីក្រុង Lackawanna នៅតែស្ថិតក្រោមបម្រាមធ្វើដំណើរនៅឡើយ។ លោកស្រី Hochu បាននិយាយថា គ្រោះថ្នាក់រថយន្តបុកគ្នាជិត ៩០ករណីត្រូវបានរាយការណ៍ មនុស្សជិត ២៩០នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្លូវនានា និងមានការបំពានបម្រាមធ្វើដំណើរជាង ៣៩០ករណីផងដែរ៕
អត្ថបទ៖ សុខមាន