ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា អគ្គិភ័យនៅរោងចក្រមួយកន្លែងក្នុងទីក្រុង Anyang ខេត្ត Henan ប្រទេសចិនបានបណ្តាលឲ្យមនុស្ស ៣៦នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។

វីដេអូ CCTV របស់រដ្ឋបានបង្ហាញឱ្យឃើញពីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងខ្មៅពេញផ្ទៃអាកាស ហើយក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រឹងប្រែងពន្លត់ភ្លើង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យរាយការណ៍ថា អគ្គិភ័យបានឆាបឆេះនៅក្រុមហ៊ុន Kaixinda Trading Co Ltd ក្នុងសង្កាត់ Wenfeng ឬតំបន់បច្ចេកវិទ្យាខ្ពស់ក្នុងទីក្រុង Anyang ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តចំនួន ៦៣គ្រឿងទៅកាន់កន្លែងកើតហេតុ។
អគ្គិភ័យត្រូវបានគ្រប់គ្រងមិនឲ្យរាលដាលនៅម៉ោង ៨យប់ថ្ងៃចន្ទម៉ោងក្នុងតំបន់ ហើយបានរលត់ទាំងស្រុងនៅម៉ោង ១១យប់។ ទូរទស្សន៍ CCTV បានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះ មនុស្ស ៣៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ហើយមនុស្សពីរនាក់ផ្សេងទៀតនៅបាត់ខ្លួន៕
អត្ថបទ៖ ប៊ុនថន