ប៉ៃលិន៖ ឯកឧត្ដម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់កងកម្លាំងការពារព្រំប្រទល់ខេត្តប៉ៃលិន ជាប់ខេត្តបាត់ដំបងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបម្រាមគោចរ ការធ្វើដំណើរចេញចូលខេត្តមិនត្រូវឲ្យមានការថ្លោះធ្លោយនោះទេ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តប៉ៃលិន ជាប់ខេត្តបាត់ដំបងទាំង ៦គោលដៅ ឯកឧត្ដមបាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់កងកម្លាំងទាំង ៣ប្រភេទកំពុងឈរជើងនៅតាមគោលដៅនីមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការរឹតបន្តឹងបន្ថែមតាមគោលដៅរបស់ខ្លួន ដោយមិនត្រូវឱ្យកម្មករ ពលរដ្ឋលួចធ្វើដំណើរពីភ្នំពេញ ឬមកពីបណ្ដាខេត្តប្រឈមចូលខេត្តប៉ៃលិនតាមម៉ូតូនាពេលយប់ ត្រូវរាយការណ៍បន្ទាន់ទៅខេត្ត ដើម្បីឃាត់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិនទើបអនុញ្ញាតឱ្យជួបជុំក្រុមគ្រួសារ។ ឯកឧត្ដមក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមអនុសាសន៍ ៣ការពារ ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាល។ លើសពីនេះ ខ្លួនឯងផ្ទាល់ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនផងដែរ នូវវិធានការអនាម័យ។
ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ខណៈពេលត្រូវបានបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ ត្រូវឱ្យសមត្ថកិច្ចមានការយោគយល់ដល់កសិករ ដែលនៅតំបន់ជាប់ព្រំដែនខេត្តបាត់ដំបង-ខេត្តប៉ៃលិនកំពុងប្រមូលផលបន្លែកសិផល ដូចជាផ្លែស្វាយ ផ្លែម្នាស់ជាដើម ត្រូវអនុញ្ញាតឱ្យគាត់ចេញចូលដោយគ្រាន់តែស្ទង់កំដៅ បាញ់ទឹកអាល់កុល ឬជែល ពាក់ម៉ាសដល់អ្នកបើកបរ និងអ្នករួមដំណើរម្នាក់ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩៕ អត្ថបទ៖ បាន សុខរិទ្ធ

