ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាការងារ ដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ និងប្រែក្លាយដីចម្ការមីន ឱ្យទៅជាដីមាន សុវត្ថិភាព សម្រាប់ពលរដ្ឋប្រើប្រាស់ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្ដល់ដីសុវត្ថិភាព ផ្ដល់ស្នាមញញឹម” នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានអនុវត្តសកម្មភាពមីនមនុស្សធម៌ ចាប់ពីឆ្នាំ១៩៩២ ដើម្បីឆ្លើយតបបន្ទាន់ នឹងការធ្វើមាតុភូមិ និវត្តន៍របស់ជនភៀសខ្លួន ហើយក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជា បានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគី នៃអនុសញ្ញា ស្តីពី ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតវ៉ា) ក្នុងឆ្នាំ២០០០ ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា នៅឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយ “ឈ្នះ ឈ្នះ” សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ត្រូវបានបញ្ចប់ រចនាសម្ព័ន្ធយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដួលរំលំ ហើយប្រទេសជាតិ ក៏ទទួលបានមកវិញយ៉ាងពេលលេញនូវសុខសន្តិភាព ការឯកភាពជាតិ និងបូរណភាព ទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ នៅកម្ពុជា ។
អតីតយុទ្ធជន ដែលបានរងគ្រោះដោយសារគ្រាប់មីន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងកងកម្លាំងបោសសម្អាតមីនទាំងអស់ ដែលបាននឹងកំពុងបោសសម្អាតមីន និងគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេស ដើម្បីឲ្យដីមានសុវត្ថិភាព និងកុំឲ្យពលរដ្ឋមានគ្រោះថ្នាក់ ដោយសារកាកសំណល់ពីសង្គ្រាមនេះបន្តទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា នៅមានរយៈពេល បីឆ្នាំទៀត ដែលត្រូវបន្តការបោសសម្អាតមីន ដើម្បីឈានទៅសម្រេចបានគោលដៅចុងក្រោយ គឺការប្រកាសប្រាប់ពិភពលោកថា កម្ពុជា នឹងមិនមានមីនប្រឆាំងមនុស្ស ចាប់ពីឆ្នាំ២០២៥ ហើយការគំរាមដោយ សារសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា រីឯការកសាងហេដ្ឋា រចនាសម្ព័ន្ធ និងការបង្កបង្កើនផល នឹងអាចប្រព្រឹត្តិទៅបាន ដោយពុំមានការភ័យខ្លាចពីការគំរាមកំហែង ដោយគ្រាប់ទាំងនោះទៀតទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ





