ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការនយោបាយនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ (AIPA-43) ចាប់ផ្តើមជជែកពីបញ្ហានយោបាយក្នុងតំបន់ និងសកលលោក ខណៈរបៀបវរៈបន្ទាន់គឺបញ្ហាមីយ៉ាន់ម៉ា។
ក្នុងពេលរដ្ឋសភាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តដំណើរការកិច្ចប្រជុំរបស់សម័យប្រជុំពេញអង្គទី១ រួមមាន កិច្ចប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។
បើតាមឯកឧត្តម ឃុត ដារ៉ា អ្នកនាំពាក្យមហាសន្និបាតអាយប៉ា លើកទី៤៣ បានឲ្យដឹងថា ដោយមានការស្នើសុំពីប្រធានសភាឥណ្ឌូនេស៊ី ស្តីពីរបៀបវរៈបន្ទាន់របស់មីយ៉ាន់ម៉ា មហាសន្និបាតអាយប៉ាលើកទី៤៣ បានស្វាគមន៍ និងបញ្ជូលរបៀបវរៈនេះចូលក្នុងគណៈកម្មាធិការនយោបាយដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងតាមរយៈមហាសន្និបាតអាយប៉ា ដែលជាក្របខណ្ឌនីតិបញ្ញត្តិ នឹងរួមចំណែកផ្តល់ជាទស្សនៈ យោបល់ តំណាងប្រជាពលរដ្ឋជិត៧០០លាននាក់ក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន អតីតមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើនរូប សកម្មជនគណបក្សនយោបាយ អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា សាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ហើយជាផលិតករភាពយន្តជប៉ុនផងដែរ។
បេសកជនពិសេស បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។
អាស៊ាន បានបញ្ជាក់ថា នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី នឹងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច៕ អត្ថបទ សេក ឧត្តម