ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសជូនដំណឹងដល់សាធារណជន បងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធ នៃផែនការជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ជុំវិញការផ្តល់ថវិកាបន្ថែមថវិកានេះ លោក លន់ យ៉េង អគ្គលេខាធិការសម្ព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានទម្លាក់កញ្ចប់ថវិការបន្ថែម សម្រាប់ការផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករផ្សេងៗ មានលទ្ធភាពយកថវិកាទាំងនោះទៅប្រមូលទិញស្រូវបន្ថែម នៅក្នុងរដូវច្រូតកាត់ដែលកំពុងជួបប្រទះ ជំរុញប្រមូលទិញឲ្យបានទាន់ពេលវេលា ដែលជាផ្នែកមួយជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសការជួយដល់កសិករដែលកំពុងជួបប្រទះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ ។
ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ជុំវិញបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្គាប់ថ្លៃស្រូវ៕អត្ថបទ៖ សុន រ៉ាឌី