រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានការព្រួយបារម្ភដោយការបាញ់ផ្លោងជាថ្មីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីចុងសប្តាហ៍ និងបានអំពាវនាវឱ្យប្រទេសនានាប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីជួយបញ្ចប់ការវាយប្រហារលើស្ថានីយ៍ថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅប្រទេសអ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានធ្វើឲ្យរង្គោះរង្គើរដោយការបាញ់ផ្លោងកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមានការថ្កោលទោសពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបាននិយាយថា ការវាយប្រហារបែបនេះបង្កហានីភ័យគ្រោះមហន្តរាយធំ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា យើងបានអំពាវនាវឱ្យប្រទេសទាំងអស់លើពិភពលោកប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដូច្នេះកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននឹងបញ្ឈប់ការបាញ់ផ្លោង។
ការបាញ់ផ្លោងម្តងហើយម្តងទៀតនៅរោងចក្រនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភអំពីសក្តានុពលនៃគ្រោះថ្នាក់ធ្ងន់ធ្ងរដែលមានចម្ងាយត្រឹមតែ ៥០០គីឡូម៉ែត្រពីទីតាំងគ្រោះថ្នាក់នុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក ជាគ្រោះមហន្តរាយនៅរោងចក្រ Chornobyl កាលពីឆ្នាំ១៩៨៦៕
អត្ថបទ៖ ប៊ុនថន