ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានស្នើឲ្យវិស័យឯកជនពង្រឹងការគាំទ្រជួយដល់សហគមន៍ក្នុងស្រុក ជៀសវាងនូវស្ថានភាព “ពងមាន់ មេមាន់” ដែលជះផលអាក្រក់ដល់វិស័យអេកូទេសចរណ៍ផងដែរ។
នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ លើកទី៣ កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ក្នុងគោលបំណងដើម្បីជំរុញឲ្យវិស័យអេកូទេសចរណ៍ឲ្យកាន់តែល្អប្រសើរទៅមុខបន្ថែមទៀត វិស័យឯកជនត្រូវជំរុញដល់ការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន និងត្រូវរៀបចំនូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជាពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតាមតំបន់អេកូវទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បង្ហាញនូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី/ទឹកស្អាត ការព្យាបាលជំងឺគ្រុនចាញ់ ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធអ៊ិនធើណេត ការគ្រប់គ្រងសំរាម និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយគ្នានេះ លោកស្រី ហួន ស្រីនិច ម្ចាស់សិប្បកម្មអំបុកស្រីនិច លក់ចំណីម្ហូបអាហារ និងលោក យិន សូរិយា ប្រធានក្រុមហ៊ុន Mekong Booking លក់ផលិតផលកែវយិត និងតេឡេស្កុប បានបង្ហាញក្តីសង្ឃឹមថា ក្រោយឆ្លងកាត់នូវវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចរកប្រាក់ចំណូលបានច្រើនឡើងវិញ ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។
តាមការរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជា បានសង្ឃឹមថា នៅឆ្នាំ២០២៣ខាងមុខ នឹងអាចទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល ១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥លាននាក់ និងរំពឹងថា នឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ៕អត្ថបទ៖ ឈិត បូរ៉ាវី