ភ្នំពេញ៖ គិតមកដល់ពេលនេះ បេក្ខជនប្រលងបាក់ឌុបឆ្នាំនេះ បានត្រៀមខ្លួនរួច ខណៈការប្រឡង នឹងចាប់ ផ្តើមនៅដើមធ្នូខែក្រោយនេះ។
សិស្សថ្នាក់ទី១២ សិក្សានៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្ន ពួកគេ កំពុងមមាញឹករៀនបំប៉នក្រៅម៉ោងសិក្សារបស់សាលារដ្ឋ ទៅ តាមមុខវិជ្ជាសំខាន់ៗមួយចំនួន ដើម្បីឱ្យទទួលបានជោគជ័យក្នុងការប្រឡងឆ្នាំនេះ។ ពួកគេ បានលើកពី បច្ចេកធ្វើឲ្យខួរក្បាលចងចាំផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទ ស្តីពីការប្រឡងបាក់ឌុប កាលពីថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញ បានបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ នៅទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១២ម៉ឺននាក់ ហើយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២។
ចំពោះការប្រឡងនេះរាល់បទបញ្ញតិ្ត ឬបទបញ្ជាទាំងអស់ ត្រូវអនុវត្តតាម ដែលមាន ដូចជា៖ ហាមមិនឲ្យយកសំណៅ ឬឯកសារសំណេរ ការលួចចម្លង ឬចម្លងតាមគ្នា ការប្រឡងជំនួស និង ការសូកប៉ាន់ជាដើម។ សម្រាប់លទ្ធផលនៃការប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹង ត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ហើយសម្រាប់ខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
នៅឆ្នាំ២០២១ បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ បានប្រឡងជាប់ ចំនួន៧២,០១៦ នាក់ ត្រូវជា៦៥.៦៥% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួនជាង១ពាន់នាក់ និទ្ទេស B មានចំនួនជាង៥ពាន់នាក់ និទ្ទេស C មានចំនួនជាង១ម៉ឺន និទ្ទេស D មានចំនួនជាង២ម៉ឺននាក់ និង និទ្ទេសE មានចំនួនជិត៣ម៉ឺននាក់ ៕អត្ថបទ៖ ទូច សោភ័ណ