ភ្នំពេញ៖ ថ្ងៃទី២២ ខែវិច្ឆិកានេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ាន PAC លើកទី១៨ ក្រោមប្រធានបទ៖ រួមគ្នាប្រឆាំងអំពើពុករលួយ ការពង្រឹងសមត្ថភាពស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការក្នុងប្រទេសនីមួយៗ ក្នុងក្របខ័ណ្ឌអាស៊ាន PAC(ផេក)។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ថ្លែងថា ប្រធានបទដែលថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ានលើកទី១៨ លើកយកមកពិភាក្សានេះ គឺធ្វើឡើងស្របតាមគោលបំណង និងផ្នែកនៃកិច្ចសហប្រតិបត្តិការ ដែលមានចែងនៅក្នុងខ្លឹមសារអនុសារណៈនៃយោគយល់គ្នា រវាងអាស៊ាន PAC ដែលអាស៊ានបានខិតខំប្រឹងប្រែងរៀបចំបន្តវេនគ្នាពីអណត្តិមួយទៅអាណត្តិមួយទៀត ដើម្បីធ្វើការអភិវឌ្ឍ និងសម្រួលខ្លឹមសារ សម្រាប់អនុវត្តរួមគ្នា ក្នុងកិច្ចប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងតំបន់។
សម្រាប់ភាពម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានPACឆ្នាំ២០២២នេះ ឯកឧត្តម ឱម យិនទៀង ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ាន ដែលបានប្តេជ្ញាចិត្តរួមគ្នាជាបន្តបន្ទាប់ ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ និងចូលរួមកែសម្រួលខ្លឹមសារអនុសារណៈការយោគយល់គ្នា នៃកិច្ចប្រជុំអាស៊ានPAC ហើយ ឯកឧត្តម ក៏ស្នើអាស៊ានPAC បង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចកសាងសមត្ថភាពស្ថាប័នប្រឆាំងអំពើពុករលួយប្រទេសនីមួយៗរបស់អាស៊ានPAC និងស្នើពង្រីកកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ក្នុងចំណោមភាគីអាស៊ានPAC តាមរយៈយន្តការនានាដែលមានស្រាប់ និងយន្តការតាមប្រទេសដែលចង់ធ្វើ។
ឯកឧត្តម ក៏បានបញ្ជាក់ពីសាររបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនកិច្ចប្រជុំអាស៊ានPAC ដែរថា តាមរយៈកិច្ចប្រជុំអាស៊ានPAC នេះ នឹងបន្តការខិតខិតប្រឹងប្រែងពង្រីងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងក្របខ័ណ្ឌប្រទេសនិង តំបន់ ហើយនេះក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា របស់បណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ាន ដើម្បីចូលរួមលើកស្ទួយអភិបាលកិច្ចល្អ បង្កើតបរិយាកាសស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងបំណង ជម្រុញការរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលទាំងនេះសុទ្ធសឹងជាបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជនយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ាន ខណៈការកម្ពុជា រៀបចំលើកដំបូងនៅឆ្នាំ២០១០៕ អត្ថបទ ស៊ុម សុខជា